(ភ្នំពេញ)៖ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធនៃប្រទេសជប៉ុន លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អមដោយលោក អ៊ុ សីហា លោកស្រី ប៊ុន នារី និងលោក លឹម ដឺលុច អគ្គនាយករង និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥០ នៃក្រុមសិក្សាស្តីពី និងការសិក្សាស្រាវជ្រាវ (Study Group on Asia Tax Administration and Research - SGATAR)។ ។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥០នេះ ដឹកនាំដោយលោក Yushika Yukihiro អគ្គនាយកនៃរដ្ឋបាលសារពើពន្ធនៃប្រទេសជប៉ុន ជាប្រធានផ្លាស់វេន និងវត្តមានចូលរួមរបស់អគ្គនាយក-អគ្គនាយករង និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលសារពើពន្ធជាសមាជិក SGATAR ដែលបានចូលរួមចំនួន១៨ រួមមានរដ្ឋបាលសារពើពន្ធជប៉ុន អូស្ត្រាលី កម្ពុជា ចិន ហុងកុង ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាកាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ណូវ៉ែលសេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ វៀតណាម និងឡាវ។

ក្នុងឱកាសនេះផងដែរ ក្រុមការងារប្រធានគណៈប្រតិភូបានប្រកាសជាផ្លូវការ និងស្វាគមន៍រដ្ឋបាលសារពើពន្ធឡាវ ជាសមាជិកថ្មីទី១៨ នៃ SGATAR។

ក្នុងកិច្ចប្រជុំនេះ បានផ្តោតលើប្រធានបទសំខាន់ៗ ចំនួន៣ ដែលជាវិធានការឆ្លើយតបនឹងបដិការ នៃជំងឺរាតត្បាតកូវីដ-១៩ និងទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីពិភាក្សានិងផ្តល់លទ្ធភាព ឲ្យរដ្ឋបាលសារពើពន្ធជាសមាជិកអាចចែករំលែកបទពិសោធន៍នៃការអនុវត្តល្អ ព្រមទាំងបញ្ហាប្រឈមនានា ក្នុងនោះ៖

ទី១៖ ឌីជីថលភាវូបនីយកម្មរដ្ឋបាលសារពើពន្ធ (Digitalization of Tax Administrations)
ទី២៖ ជំនួយទៅវិញទៅមកក្នុងការប្រមូលពន្ធ (Mutual Assistance in the Collection of Taxes)
និងទី៣៖ វឌ្ឍនភាពថ្មីៗនៃគោលនយោបាយសារពើពន្ធ និងរដ្ឋបាលសារពើពន្ធ (Update on Tax Policy and Administration)។

ក្នុងឱកាសនោះដែរ លោក គង់ វិបុល បានចូលរួមជាវាគ្មិន និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពថ្មីៗ នៃគោលនយោបាយសារពើពន្ធ និងកំណែទម្រង់រដ្ឋបាលសារពើពន្ធ (Update on Tax Policy and Administration) ដែលមានខ្លឹមសារសំខាន់ៗក្នុងនោះរួមមាន៖

១៖ វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍វិបត្តិ ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩
២៖ ការផ្តួចផ្តើមនិងបង្កើតដ៏ជោគជ័យនូវថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)
៣៖ ច្បាប់និងបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងពន្ធដារ រួមមាន ពន្ធលើប្រាក់ចំណូល ការគ្រប់គ្រងបំណុល ពន្ធលើចំណេញមូលធន អាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការ តាមប្រព័ន្ធអេឡិកត្រូនិក កាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរនិងភេសជ្ជៈគ្មានជាតិសុរា និងការត្រៀមចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មី និង
៤៖ កំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធកម្ពុជាសំខាន់ៗ ព្រមទាំងវិធានការបុរេសកម្ម ដែលអាចឆ្លើយតបទៅនឺងបដិការនៃជំងឺរាតត្បាតកូវីដ ដែលជាកត្តាជំរុញ ឲ្យអគ្គនាយកដ្ឋានពន្ធដារ អាចសម្រេចបាននូវលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់ និងលើសផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ១០៣.២៣% ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២១ ដែលជាចំណុចទាក់ទាញចំណាប់អារម្មណ៍ របស់រដ្ឋបាលសារពើពន្ធជាសមាជិក SGATAR។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ការចូលរួមកិច្ចប្រជុំ SGATAR បានផ្តល់នូវគំនិតផ្តួចផ្តើម សម្រាប់កំណែទម្រង់ និងទំនើបកម្មរបស់ រដ្ឋបាលសារពើពន្ធកម្ពុជា ហើយរដ្ឋបាលសារពើពន្ធកម្ពុជាសូមថ្លែងអំណរគុណចំពោះរដ្ឋបាលសារពើពន្ធជាសាមជិក ដែលបានអនុញ្ញាតឲ្យកម្ពុជា បានធ្វើទស្សនកិច្ចសិក្សា និងបានរៀនសូត្រនូវមេរៀនបទពិសោធន៍ ក៏ដូចជាបញ្ហាប្រឈមនានា ជាពិសេស បញ្ហាប្រឈមជាសក្តានុពលនាពេលអនាគត ដែលជំរុញឱ្យរដ្ឋបាលសារពើពន្ធកម្ពុជា អាចដើរទាន់សភាពការណ៍នៃពន្ធដារសាកលនិន្នាការវិត្តន៍សេដ្ឋកិច្ច។

លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥០ របស់ SGATAR បន្ទាប់ពីបានប្រជុំពិភាក្សានិងផ្លាស់ប្តូរយោបល់យ៉ាងមមាញឹក និងក្នុងស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់ ក្នុងរយៈពេល ២ថ្ងៃកន្លងមក អង្គប្រជុំក្រុមការងារគណៈប្រតិភូសម្រេចបានលទ្ធផលដូចខាងក្រោម៖

* កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥០ បានបញ្ចប់ដោយជោគជ័យ ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំដោយរដ្ឋបាលសារពើពន្ធនៃប្រទេសជប៉ុន ដែលមានរដ្ឋបាលសារពើពន្ធ នៃប្រទេសឥណ្ឌូនេស៊ីជាប្រធានក្រុមការងារ រដ្ឋបាលសារពើពន្ធនៃប្រទេសជប៉ុន និងម៉ាឡេស៊ីជាសមាជិក ហើយប្រកាសជាផ្លូវការនិងស្វាគមន៍ រដ្ឋបាលសារពើរពន្ធនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាសមាជិកថ្មីទី ១៨ នៃ ក្រុមការងារ SGATAR

* ការកែប្រែឈ្មោះពេញរបស់ SGATAR ពីឈ្មោះដើម «ក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីនិងការសិក្សាស្រាវជ្រាវ (Study Group on Asia Tax Administration and Research)» ទៅជា «ក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិកនិងការសិក្សាស្រាវជ្រាវ (Study Group on Asia-Pacific Tax Administration and Research»

* បានដាក់ចេញនូវផែនការអនុវត្តសម្រាប់ឆ្នាំ ២០២២ សម្រាប់ SGATAR Taskforce

* បានអនុម័តលើរបាយការណ៍ស្តីពីវិធានការឆ្លើយតបរបស់រដ្ឋបាលសារពើពន្ធទៅនឹងបដិការនៃជំងឺកូវីដ-១៩ និងបានទទួលស្គាល់ពីសារៈសំខាន់នៃឌីជីថល ភាវូបនីយកម្មរដ្ឋបាលសារពើពន្ធ ដោយកំណត់ថា «ឌីជីថលភាវូបនីយកម្មរដ្ឋបាលសារពើពន្ធ» កម្មវិធីការងារប្រចាំឆ្នាំ (An Annual Work Programme) សម្រាប់ឆ្នាំបន្ទាប់

* គាំទ្រលើផែនការកសាងសមត្ថភាពនឹងរៀបចំសម្រាប់រយៈពេល ៥ឆ្នាំ ២០២៣-២០២៧ និងទទួលយកការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី លើផែនការកសាងសមត្ថភាពសម្រាប់ SGATAR ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្រោមមជ្ឈមណ្ឌលពន្ធដារអាស៊ីប៉ាស៊ីហ្វិក (ADB Asia Pacific Tax Hub)

* បានអនុម័តលើលើរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំក្រុមការងារបច្ចេទេសទាំង ៣ ក្រុម (3 Working Groups) ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២១ ដែលមានវត្តមាននៃការចូលរួមរបស់រដ្ឋបាលសារពើពន្ធកម្ពុជាផងដែរ ក្នុងនោះ ក្រុមការងារទី១. ការផ្ទេរថ្លៃ (Transfer Pricing: The Transfer Pricing Implications of the Covid-19 Pandemic), ក្រុមការងារទី២. ការជំរុញអនុលោមភាពសារពើពន្ធសម្រាប់សហគ្រាសធំៗ/ពហុជាតិ (Ensuring Tax Compliance of Large/Multinational Enterprises) និង ក្រុមការងារទី៣. ការផ្លាស់ប្តូរព័ត៌មាន (Exchange of Information)។

* បានបោះឆ្នោតគាំទ្ររដ្ឋបាលសារពើពន្ធនៃប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥១ របស់ SGATAR ឆ្នាំ២០២២ ហើយក្រុមការងារ SGATAR Taskforce ឆ្នាំ ២០២២ នឹងមានរដ្ឋបាលសារពើពន្ធជប៉ុនជាប្រធាន ខណៈម៉ាឡេស៊ីនិងថៃជាសមាជិក៕