(តូក្យូ)៖ ប្រទេសជប៉ុនកំពុងពិចារណារបញ្ចេញស្តុកប្រេងបម្រុងរដ្ឋ បន្ទាប់ពីមានសំណើពីទីក្រុងវ៉ាស៊ីនតោនឱ្យមានសកម្មភាពសម្របសម្រួលក្នុងការទប់ស្កាត់ការកើនឡើងតម្លៃថាមពល។ នេះបើយោងតាមប្រភពចំនួនបីពីរដ្ឋាភិបាលជប៉ុនប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រភពមួយក្នុងចំណោមប្រភពទាំងបីនេះបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនកំពុងសម្លឹងឆ្ពោះទៅរកការបញ្ចេញស្តុងប្រេងមួយផ្នែកដែលកើនលើសបរិមាណអប្បបរមាដែលតម្រូវឱ្យស្តុកទុកតាមច្បាប់។ ច្បាប់របស់ជប៉ុនអនុញ្ញាតឱ្យបញ្ចេញស្តុកប្រេងបម្រុងបានក្នុងករណីមានកង្វះខាត ឬគ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែមិនមានចែងអំពីការបញ្ចេញស្តុកប្រេងដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេងទេ។

ប្រភពមួយផ្សេងទៀតបានប្រាប់រ៉យទ័រថា «យើងមិនមានជម្រើសទេ ប៉ុន្តែត្រូវធ្វើអ្វីមួយ» បន្ទាប់ពីមានសំណើពីសហរដ្ឋអាមេរិក។

ប្រភពទាំងនេះបានបដិសេធបង្ហាញអត្តសញ្ញាណដោយសារផែនការនេះមិនទាន់បង្ហាញជាសាធារណៈនៅឡើយ។

ជប៉ុនមិនធ្លាប់បញ្ចេញស្តុកប្រេងបម្រុងរបស់រដ្ឋឡើយ ខណៈដែលក្រុមហ៊ុនប្រេងនានាបានធ្វើរួចហើយក្នុងអំឡុងសង្គ្រាមឈូងសមុទ្រពែក្សនៅឆ្នាំ១៩៩១ និងបន្ទាប់ពីមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិនៅឆ្នាំ២០១១។

លោក Hirokazu Matsuno ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនបានឱ្យដឹងនៅថ្ងៃនេះថា មិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ ខណៈដែលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលជប៉ុនកំពុងពិចារណារថាតើអ្វីដែលអាចធ្វើឡើងបានដោយស្របច្បាប់។

រដ្ឋាភិបាលរបស់លោក Joe Biden បានធ្វើសំណើមិនប្រក្រតីមួយទៅកាន់ប្រទេសផលិតប្រេងធំៗក្នុងពិភពលោកមួយចំនួន រួមទាំងប្រទេសចិន និងឥណ្ឌាផងដែរ ឱ្យពិចាណារបញ្ចេញប្រេងពីស្តុកបម្រុងយុទ្ធសាស្រ្តរបស់ប្រទេសទាំងនោះ បន្ទាប់ពីក្រុមប្រទេស OPEC និងប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ បានច្រើនចោលសំណើររបស់អាមេរិកសុំឱ្យបង្កើនការផលិតប្រេង។

រដ្ឋាភិបាលជប៉ុនមានស្តុងប្រេងបម្រុងដែលអាចប្រើប្រាស់បានរយៈពេល ១៤៥ថ្ងៃគិតត្រឹមចុងខែកញ្ញា ដែលលើសពីរយៈពេល ៩០ថ្ងៃដែលកំណត់ដោយច្បាប់ ខណៈដែលវិស័យឯកជនមានស្តុកប្រេងដែលអាចប្រើប្រាស់បានរយៈពេល ៨០ថ្ងៃ ដែលក៏លើសរយៈពេល ៧០ថ្ងៃដែលកំណត់ដោយច្បាប់ផងដែរ។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រ៕