(ភ្នំពេញ)៖ ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានឱ្យដឹងថា ការផលិតអំបិល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកសម្រាប់ ឆ្នាំ២០២១នេះ គឺគ្រប់គ្រាន់រហូតដល់ចុងឆ្នាំ ប៉ុន្តែលោកបារម្ភថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់មិនអំណោយផលដល់ការផលិតអំបិល នៅឆ្នាំក្រោយនេះកម្ពុជា អាចនឹងនាំចូលអំបិលពីក្រៅប្រទេស។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News តាមទូរសព្ទនៅថ្ងៃទី២២ វិច្ឆិកានេះ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្មវិ ទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្ននេះ អំបិលស្តុកនៅក្នុងឃ្លាំងមានបរិមាណ១ម៉ឺនតោន ដែលអាចផ្គត់ផ្គង់បានមួយខែទៀត។

លោកបញ្ជាក់ថា បើទោះបីជាបរិមាណអំបិល នៅក្នុងឃ្លាំងមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែអំបិលនឹងមិនមានការខ្វះខាត សម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកពីរយៈពេលនេះទៅដល់ដើមឆ្នាំ២០២២នោះទេ ព្រោះតែអំបិលនៅលើទីផ្សារមានច្រើន ដោយសារតែកាលពីខែតុលាឈ្មួញមួយចំនួន បានទិញស្តុកទុក។

លោកបានអះអាងយ៉ាងដូច្នេះថា «ចុងខែ១០កន្លងមក ការយកអំបិលចេញនៅលើទីផ្សារវាគំហុក អីចឹងធ្វើឱ្យអំបិលនៅឃ្លាំងសល់តិចតួច នៅល្បាក់តែ១ម៉ឺនតោនទេ។ នៅឃ្លាំងសល់តិចតួច ប៉ុន្តែវាគននៅតាមដេប៉ូ ដោយសារតែឈ្មួញជួនកាលគាត់ឆ្លាត គាត់មើលឃើញថា អំបិលមានតម្លៃល្អសម្រាប់គាត់ទិញស្តុក គេទិញស្តុកសម្រាប់រដូវត្រីត្រូវ អីចឹងអំបិលមិនខ្វះទេ សម្រាប់ឆ្នាំនេះ អាចថា គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ ក្នុងឆ្នាំ២០២២ ក្នុងរយៈពេលដើមខែល្មមរដូវផលិតអំបិលប្រមូល»

លោកបានឱ្យដឹងផងដែថា ចំពោះតម្លៃអំបិលនៅចុងឆ្នាំនេះក៏ខ្ពស់ជាងកាលពីដើមឆ្នាំ ដោយក្នុងមួយប៉ាវមានតម្លៃពី១៣០០០រៀលទៅ១៤០០០រៀល ចំពោះអំបិលប្រភេទលេខ២ និងលេខ១ មានតម្លៃខ្ពស់ជាងនេះ។

រដូវនៃការផលិតអំបិលនៅខេត្តកំពត និងកែបសម្រាប់ឆ្នាំ ២០២២ បានចូលមកដល់ហើយ គឺចាប់ពីផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២១នេះ ដល់ខែឧសភា ឆ្នាំ២០២២។ ប៉ុន្តែរហូតពេលនេះការផលិតអំបិលមិនទាន់បានចាប់ផ្តើមដំណើរការ នៅឡើយទេ ដោយតែភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ។

លោក គឹមជឿន មានបន្តថា ប្រសិនបើអាកាសធាតុមិនអំណោយផល ច្បាស់ណាស់នឹងប៉ះពាល់ដល់ការផលិតអំបិល នៅឆ្នាំក្រោយអាចនឹងមានការនាំចូលអំបិលពីប្រទេសចិន និងឥណ្ឌា មកបំពេញតម្រូវការក្នុងស្រុក។

«បើថាភ្លៀងធ្លាក់ញឹកញាប់ ប្រហែលជាត្រូវការនាំអំបិលចូលហើយ ។ ឈ្មួញអ្នករកស៊ីគាត់ឆែកទីផ្សារច្បាស់ជាងយើងច្រើនណាស់ យើងមិនអ្នករកស៊ី យើងដឹងតែគ្រប់គ្រងលើការផលិត ប៉ុន្តែខាងទីផ្សារយើងមិនបានចូលជ្រៅដូចគាត់ទេ គាត់ឆែកមើលទីផ្សាររហូត តែកាលណាទីផ្សារអស់ នៅកន្លែងផលិតអស់អំបិលអីចឹងគាត់ចាប់ផ្តើម គិតគូរនាំអំបិលចូលហើយ។ គាត់ប្រមើលមើលក្នុងឆ្នាំ២០២២នេះ បើសិនជានៅដើមឆ្នាំ មានការភ្លៀងច្រើនមានអី ចង់មិនចង់ គាត់ត្រូវនាំចូលមក ដើម្បីរកប្រាក់ចំណេញហើយ»។ លោក សុខ គឹមជឿន គូសបញ្ជាក់បន្ថែម។

ដោយឡែកការផលិតអំបិលសម្រាប់ នាំចេញដោយសហគ្រាសក្នុងស្រុកវិញ ហាក់មិនមានបញ្ហានោះទេ ប៉ុន្តែការនាំចេញបានបរិមាណតិចតួចប៉ុណ្ណោះ ដោយសារតែតម្លៃដឹកជញ្ជូន។

កញ្ញា ថូង ធីតា ស្ថាបនិកនៃសហគ្រាស Thaung Enterprise បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅឆ្នាំនេះគម្រោងនាំចេញអំបិល នៅតែជាប់គាំងដោយសារតម្លៃដឹកជញ្ជូនខ្ពស់ តែយ៉ាងណាកញ្ញារំពឹងថា នៅឆ្នាំក្រោយនឹងប្រសើរឡើងវិញ។

កញ្ញាបានលើកឡើងបន្តថា «ការផលិតគឺដំណើរការធម្មតា យើងសង្ឃឹមថា យើងអាចផលិតបានច្រើនឆ្នាំ ២០២២ខាងមុខ ដែលបច្ចុប្បន្នយើងបានចាប់ផ្តើមត្រៀមរៀបចំស្រែ ដើម្បីប្រមូលផលខែមករា ២០២២ហើយ។ ប្រសិនបើយើងមានមូលនិធិបន្ថែមទៀត យើងអាចពង្រីកសមត្ថភាពផលិតរបស់យើងរហូតដល់ ៥០ ០០០ តោនដំបូងសម្រាប់ឆ្នាំក្រោយ និងបង្កើនបន្ថែមទៀតនៅឆ្នាំបន្ទាប់ ដើម្បីផ្គត់ផ្គង់ទាំងក្នុងស្រុក និងក្រៅស្រុក»

យោងតាមរបាយការណ៍ផលិតអំបិល របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានឱ្យដឹងថា នៅឆ្នាំ២០២១ ផ្ទៃដីផលិតអំបិលមានទំហំ ២ ៨៥៧.២៣ហិកតា មានក្រុមផលិតចំនួន១៣៩ក្រុម ដោយផលិតបាន ៦៨ ៦៨២តោន៕