(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់សាធារណរដ្ឋប្រជាមានិតចិន (CCIC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការរយៈពេលវែង សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ នេះបើតាមសេក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ការចុះអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ស៊ូ ហ្សឹងតឺ នាយកក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិន តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម សមាជិកCCIC តំណាង CCIC ប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារក្របខណ្ឌ សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការ រយៈពេលវែងសម្រាប់ជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន»

អនុស្សរណៈនេះមានគោលដៅធានានូវគុណភាព សុវត្ថិភាពផលិតផលនាំចេញ-នាំចូល និងបង្កើតយន្តការសម្រាប់តាមដានប្រភពនៃផលិតផល ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការលុបបំបាត់របាំងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីឱ្យបានកាន់តែប្រសើរ និងបម្រើឱ្យផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ ៕