(ព្រៃវែង)៖ ប្រជាកសិករម្នាក់រស់នៅក្នុងភូមិទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានចាប់យករបរដាំដំណាំពុទ្រា ធ្វើឱ្យគ្រួសាររបស់គាត់បានធូរធាមួយកម្រិត ខណៈដែលទីផ្សារពុទ្រាកំពុងតែមានហាងឆេង។

ប្រជាកសិករឈ្មោះ ឱន សាជុំ រស់នៅក្នុងភូមិព្រែកទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឱ្យដឹងថា ការដែលនាំឱ្យលោកបានចាប់អារម្មណ៍ក្នុងការដាំផ្លែពុទ្រា នេះគឺដោយសាតែបានទៅបណ្ដាខេត្តដទៃឃើញ ប្រជាពលរដ្ឋគេបានដាំផ្លែពុទ្រានេះ បានល្អហើយលោក ក៏ចាប់អារម្មណ៍មានគំនិតដាំដើមពុទ្រានេះឡើង ហើយឃើញថាវាឱ្យផលដូចអ្វីដែលគាត់បានទៅឃើញនៅឯស្រុកគេនោះផងដែរ។

លោកបានបន្ថែមថា ការដាំផ្លែពុទ្រានេះ គឺថាឱ្យផលលឿនដោយប្រើរយៈពេលតែ៦ ទៅ១០ខែប៉ុណ្ណោះ គឺទទួលបានផលហើយ។ រីឯតម្លៃផ្លែពុទ្រានេះ ក៏មានតម្លៃថ្លៃគួរសម ដោយលោកលក់ក្នុងមួយគីឡូពី ៨ពាន់រៀល ទៅ១ម៉ឺនរៀល តាមប្រភេទនៃផ្លែពុទ្រា តូច និងធំ ហើយក្នុងមួយថ្ងៃលោកលក់បានពី១០គីឡូទៅ ១៥គីឡូផងដែរ។

លោកបានបន្តទៀតថា ផ្លែពុទ្រា គឺមិនពិបាកក្នុងការលក់ដូរនោះទេហើយក៏បានតម្លៃថ្លៃគួរសមផងដែរ ដោយសារតែ នៅក្នុងស្រុកកំចាយមារនេះ ពុំសូវមានបងប្អូនប្រជាពលរដ្ឋកសិករណាគាត់ដាំផ្លែពុទ្រានេះទេ ដោយសារគាត់គិតថា ពិបាកថែទាំ។

លោកបានបញ្ជាក់ថា ចំពោះផ្ទៃដីនៃការដាំពុទ្រារបស់គាត់នេះគឺមានទទឹង១៧ម៉ែត្រ និងបណ្ដោយ ១៥០ម៉ែត្រ ដែល គាត់ដាំដើមពុទ្រានិ ងដើមហូបផ្លែផ្សេងៗទៀតជាង១៧០ដើម។ ចំពោះដំណាំពុទ្រានេះ គឺជាការសាកល្បង របស់លោកជាលើកដំបូង ហើយប្រសិនបើរមានការគាំទ្រច្រើននៃផ្លែពុទ្រា លោកនឹងបន្តពង្រីកផ្ទៃដីនេះបន្ថែម ទៅមុខទៀតធ្វើយ៉ាងណាដើម្បីផ្គត់ផ្គង់ទីផ្សារក៏ដូចជាបំពេញតម្រូវការរបស់ប្រជាពលរដ្ឋដែលគាត់ចូលចិត្តញ៉ាំផ្លែពុទ្រានេះ ផងដែរ៕