(ភ្នំពេញ)៖ គិតមកដល់ពេលនេះ ការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី (NPPIA) សម្រេចបាន២៧ភាគរយហើយ ត្រូវនឹងទឹកប្រាក់សរុប ៣៥៨លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CAIC)។

សេចក្ដីប្រកាសព័ត៌មានរបស់ CAIC ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា «គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន២៧% ត្រូវនឹងទឹកប្រាក់សរុប៣៥៨លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC»។

សេចក្ដីប្រកាសព័ត៌មាននេះ បានបង្ហាញឲ្យដឹងក្នុងពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន OCIC និងក្រុមហ៊ុន CAIC និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី។

ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណរបស់ NPPIA នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ NPPIA នៅខេត្តកណ្តាល។។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។

គូសបញ្ជាក់ថា CAIC គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី លើផ្ទៃដីសរុប២៦០០ហិកតា ដែលគម្រោងសាងសង់មាន៣ដំណាក់កាល។

ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដី នៅឡើយនោះទេ ដែលអាចនឹងទទួលបានភ្ញៀវទេសចរ១៣លាននាក់ក្នុង១ឆ្នាំ។

ដោយឡែកដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ៕