(ភ្នំពេញ)៖ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានបញ្ជាក់ឲ្យដឹងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជា លើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំងពេញលេញរួចមក សង្កេតឃើញមានសន្ទុះអ្នកដំណើរចូលកម្ពុជា មានការកើនឡើងជារបណ្តើរៗ។

លោករដ្ឋមន្ត្រីបន្តថា នៅក្នុងខែធ្នូ ឆ្នាំ២០២១ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ ក្នុងនោះចំនួន៦បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ និងចំនួន២ ស្នើសុំបន្ថែមជើងហោះហើរផងដែរ ដែលធ្វើឲ្យកំណើនជើងហោះហើរ មានរហូត៤៣ជើងក្នុង១សប្តាហ៍ ចាប់ពីខែធ្នូតទៅ។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បី និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ តាមប្រព័ន្ធវីដេអូ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យរូបនេះ, លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានលើកឡើងក្នុងកិច្ចប្រជុំថា បន្ទាប់ពីការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចូលកម្ពុជា ស្របតាមវិធានការ និងលក្ខខណ្ឌតម្រូវការ បានធ្វើឱ្យមានសន្ទុះអ្នកដំណើរចូលកម្ពុជា មានការកើនឡើងជាបណ្តើរៗ។

ថ្មីៗនេះ សម្រាប់ការហោះហើរតាមកម្មវិធី (Scheduled Flights) ចាប់ពីខែធ្នូ ឆ្នាំ២០២១ ទៅ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមាន ក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។

ដោយឡែក សម្រាប់ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើងក្នុង១សប្តាហ៍រហូតដល់៤៣ជើង/សប្តាហ៍ ធៀបទៅនឹងខែមុន(ខែតុលា ឆ្នាំ២០២១) គឺមានការកើនឡើង១៦% (កើនឡើងពី៣៧ជើង ទៅ៤៣ជើង/សប្តាហ៍) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០២១ ។ ចំនួនជើងហោះហើរនេះអាចនឹងមានការប្រែប្រួល ទៅតាមការវិវត្តនៃស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ-១៩»

លោកលើកឡើងថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានកំណត់អាទិភាពនៃការចាប់ផ្តើមបើកជើងហោះដឹកអ្នកដំណើរតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសអាស៊ាន ជាអាទិភាពទី១ (ចម្បង) ស្របតាមគោលការណ៍បន្ធូរបន្ថយការធ្វើចត្តាឡីស័ក។ អាកាសចរស៉ីវិល នឹងជម្រុញ និងពិភាក្សាជាបន្តបន្ទាប់ជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈឹមបូព៌ាប្រទេស ដូច Emirates, Qatar Airways និង Etihad Airways ក្នុងការពិចារណារៀបចំជើងហោះហើរឡើងវិញ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways មកពីទីក្រុងតូក្យូនៃប្រទេសជប៉ុនផងដែរ។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏ផ្តោតទៅលើអាទិភាពបន្ទាប់ គឺការបើកជើងហោះហើរជាប្រក្រតីភាពឡើងវិញ រវាងកម្ពុជា និងចិន នៅពេលណាមានការបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំជំងឺកូវីដ-១៩ នៃរដ្ឋាភិបាលចិន។ ចំពោះករណីនេះ កំណើននៃអ្នកដំណើរតាមផ្លូវអាកាសនិងជើងហោះហើរ នឹងមិនមានការចាប់អារម្មណ៍ដល់ទីផ្សារអាកាសចរណ៍ និងទេសចរណ៍ខ្លាំងក្លាបានទេ ប្រសិនបើការដឹកជញ្ជូនតាមផ្លូវអាសរវាងប្រទេសទាំងពីរនៅមានកំរិត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានស្នើដល់អង្គប្រជុំពិចារណាបន្ថែមនូវការសម្រួលការមកដល់នៃភ្ញៀវទេសចរ តាមរយៈការបន្ថែមការធ្វើតេស្តរហ័សឲ្យបានច្រើន បានលឿន ធ្វើយ៉ាងណាកុំឲ្យមានការរង់ចាំយូរ និងស្នើឲ្យមានការពិចារណា ដល់ការផ្តល់ទិដ្ឋាការនៃការមកដល់សម្រាប់ប្រទេស ដែលមិនមែនជាសមាជិកអាស៊ាន៕