(ភ្នំពេញ)៖ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកនៃសហគ្រិនខ្មែរ (KE) ដែលជាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងលោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ របស់ CMA។

កិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ សំដៅលើការផ្សារភ្ជាប់ទំនាក់ទំនង សហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅរកការលើកកម្ពស់លទ្ធភាព ទទួលបានហិរញ្ញវត្ថុ ក្នុងប្រព័ន្ធអេកូឡូស៊ី នៃសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីៗ នៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានថ្លែងថា «ភាពជាដៃគូរវាងសហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ មានគោលបំណងផ្តល់លទ្ធភាព ទទួលបានព័ត៌មានហិរញ្ញវត្ថុ រួមមានថ្លៃសេវា អត្រាការប្រាក់ ការយល់ដឹងអំពីហានិភ័យផ្សេងៗ និងបរិធានហិរញ្ញវត្ថុផ្សេងៗ ដែលមានសម្រាប់ធុរកិច្ចថ្មីៗ ព្រមទាំងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»

ទន្ទឹមគ្នានេះដែរ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃ CMA ក៏បានលើកឡើងថា «សេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័ស របស់កម្ពុជាមានន័យថា សហគ្រាសធុនតូច និងមធ្យម និងធុរថ្មីៗ កាន់តែមានតួនាទីសំខាន់ ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ ដោយបានចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ វិស័យមីក្រូហិរញ្ញវត្ថុបាននឹងកំពុងវិវឌ្ឍពីការផ្តល់សេវាហិរញ្ញវត្ថុ ចំពោះតែប្រជាជនមានចំណូលទាប ឈានទៅដល់ការផ្តល់ជូន សេវាហិរញ្ញវត្ថុស្ទើរគ្រប់ប្រភេទ សម្រាប់ប្រជាជនទូទៅទាំងអស់។ អនុស្សរណៈនៃការយោគយល់គ្នារវាង CMA និង KE នឹងរឹតបន្តឹងទំនាក់ទំនងនៃវិស័យទាំងពីរ ដោយធានាបាននូវសេវាហិរញ្ញវត្ថុកាន់តែប្រសើរដល់សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី»

ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនកម្ពុជា តាមរយៈការទទួលបានសេវាហិរញ្ញវត្ថុ សហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងសហការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍នានា ដូចជាព្រឹត្តិការណ៍ជ្រើសរើសគម្រូអាជីវកម្ម ពិព័រណ៍ពាណិជ្ជកម្ម ការផ្គូផ្គងអាជីវកម្ម និងការបង្កើតបណ្តាញផ្សេងៗ ការលើកកម្ពស់វប្បធម៌សហគ្រិនភាព សិក្ខាសាលា សន្និសីទ និងការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងធុរៈកិច្ចថ្មីៗនៅកម្ពុជា។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្តទៀតថា «រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយជាច្រើន ក្នុងការបង្កើតមូលនិធិបន្ថែមទៀត នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងការបន្ធូរបន្ថយលក្ខខណ្ឌកាតព្វកិច្ចសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់គឺវាអាស្រ័យលើស្ថាប័នហិរញ្ញវត្ថុ ក្នុងការបន្តយកអត្ថប្រយោជន៍ទាំងនោះ ទៅឲ្យសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីៗក្នុងប្រទេសកម្ពុជា»

តាមប្រសាសន៍លោក ផល វ៉ាន់ឌី «ជាការពិតណាស់ វិស័យមីក្រូហិរញ្ញវត្ថុបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម។ តួយ៉ាង CMA បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគំនិតផ្តួចផ្តើមថ្មីៗនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ក៏ដូចជាសាជីវកម្ម ធានាឥណទានកម្ពុជា (CGCC) ដែលគំនិតផ្តួចផ្តើមទាំងពីរនេះ មានគោលបំណងក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យម»