(ភ្នំពេញ)៖ អគ្គនាយកគយ និងរដ្ឋាកម្ពុជា បានបើកកិច្ចប្រជុំលើកទី៨ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដើម្បីពិនិត្យ និងដោះស្រាយនូវសំណូមពរ និងបញ្ហានានា របស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ សំដៅធានាបាននូវការអនុវត្តគោលនយោបាយសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ អនុលោមភាពការអនុវត្តច្បាប់ បន្ទាប់ពីវិស័យឯកជន បានជួបបញ្ហាប្រឈមមួយចំនួនជុំវិញនិតិវិធីគយក្នុងការនាំចេញ និងនាំចូលទំនិញ។

កិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន បានរៀបចំឡើងតាមរបៀបពាក់កណ្តាល ជាកិច្ចប្រជុំទល់មុខគ្នា និងតាមប្រព័ន្ធវីដេអូ Zoom សហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលមានវត្តមានលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា។

កិច្ចប្រជុំបានពិភាក្សាគ្នាលើសំណូមពរ និងបញ្ហាចំនួន១២ ដែលលើកឡើងដោយផ្នែកឯកជនពាក់ព័ន្ធនីតិវិធីគយដែលរួមមាន៖ ការបញ្ចុះកម្រៃបែបបទគយ (CustomsProcessing Fee) លើប្រតិវេទន៍ដែលមានតម្លៃទាប, ការកាត់បន្ថយចំណាយលើការត្រួតពិនិត្យទំនិញក្រៅម៉ោងធ្វើការ, ការកើនឡើងនូវថ្លៃដឹកជញ្ជូនទំនិញ នាំចេញដោយសារកង្វះទូកុងតឺន័រក្នុងបរិបទកូវីដ១៩, ការកាត់បន្ថយការត្រួតពិនិត្យទំនិញនាំចេញដល់ទីតាំងក្រុមហ៊ុន, ការជំរុញការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងប្រព័ន្ធ e-Payment, ការលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធទំនិញ, ការតភ្ជាប់ប្រព័ន្ធដោះដូរ ទិន្នន័យនិវេទនប័ណ្ណរបស់ក្រុមហ៊ុនដឹកជញ្ជូ នជាមួយប្រព័ន្ធអាស៊ីគូដា, ការអនុវត្តនីតិវិធី និងប្រព័ន្ធធ្វើបែបបទគយ មុនពេលទំនិញមកដល់ (Pre-Arrival Processing) និងការផ្តល់ប្រព្រឹត្តិកម្មលើកទឹកចិត្ត ចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដែលមានអនុលោមភាពខ្ពស់ជាដើម។

ផ្នែកឯកជនបានស្វាគមន៍ និងទទួលយកនូវដំណោះស្រាយ ដែលបានលើកឡើងដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយភាគីទាំងពីរបានប្តេជ្ញាថា នឹងអនុវត្តតាមវិធានការដំណោះស្រាយប្រកប ដោយការទទួលខុសត្រូវរៀងៗខ្លួន។ សហប្រធានក៏បានឯកភាពគ្នាលើកទឹកចិត្ត ឱ្យក្រុមការងារជំនាញនីមួយៗ បន្តពិនិត្យលើកឡើង និងពិភាក្សាដោះស្រាយ បញ្ហាដែលនឹងកើតឡើងជាយថាហេតុ នាពេលខាងមុខ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោក គុណ ញឹម លើកឡើងថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ជាវេទិកាសម្រាប់ផ្នែកឯកជន អាចស្វែងរកដំណោះស្រាយ ចំពោះបញ្ហា និងសំណូមពរនានាពាក់ព័ន្ធនីតិវិធីគយ សំដៅលើកកម្ពស់បន្ថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម និងអនុលោមភាពច្បាប់ ពិសេសក្នុងបរិបទនៃការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្មអន្តរជាតិក្រោយវិបត្តិកូវីដ-១៩។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា យន្តការភាពជាដៃគូគយ-ផ្នែក ឯកជនគឺ ជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយ នូវរាល់បញ្ហានានាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក ៕