(ភ្នំពេញ)៖ យោងតាមទិន្នន័យកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោង វិនិយោគថ្មីៗចំនួន១៥ ដែលមានទុនវិនិយោគសរុបចំនួនជាង៥៤៨.៣លានដុល្លារអាមេរិក បង្កើតបានការងារថ្មី រាប់ពាន់កន្លែង។

ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជាជួបប្រទះនូវវិបត្តិ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ក៏កម្ពុជានៅតែទាក់ទាញ នូវការវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ RMA AUTOMOTIVE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។

២៖ EM AUTOMOBILE CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានទុនវិនិយោគចំនួន ១៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៥កន្លែង។

៣៖ SCHNEITEC WESTERN CO., LTD: គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ មានទុនវិនិយោគប្រមាណ ១១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧កន្លែង។

៤៖ SCHNEITEC NORTHERN CO., LTD: គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ មានទុនវិនិយោគប្រមាណ ៣៣០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤០កន្លែង។

៥៖ SMART TEX GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៣៨០កន្លែង។

៦៖ REMONDA (CAMBODIA) APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨០៣កន្លែង។

៧៖ CATHAYA INDUSTRY (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៤ ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៤៧កន្លែង។

៨៖ HENGWIN (CAMBODIA) GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៤៨កន្លែង។

៩៖ JW ZHONGRUN (CAMBODIA) GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៤៨កន្លែង។

១០៖ WTX LEADING FASHION CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ០៩៩៤ ផ្លូវជាតិលេខ២១ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៦១កន្លែង។

១១៖ CLOTHO (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០១៨កន្លែង។

១២៖ HUN TY REAL ESTATE CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ និងផលិតសម្ភារវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ១៧.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៣០កន្លែង។

១៣៖ KULARA WATER CO., LTD: គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ៥.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៧កន្លែង។

១៤៖ SUN PLEASURE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតពោងខ្យល់គ្រប់ប្រភេទ ទូកកាយ៉ាក់ និងសម្ភារៈបរិក្ខាពាក់ព័ន្ធនឹងពោងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤០កន្លែង។

១៥៖ ADVANT TRAVEL GOODS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតវ៉ាលិសគ្រប់ប្រភេទ និងកៅអីចល័តសម្រាប់ដំណើរកម្សាន្ត ដែលមាន ទីតាំងវិនិយោគ ស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៧កន្លែង៕