(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ការដាក់ឱ្យដំណើរការជាផ្លូវការ យុទ្ធនាការ «តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់»

យុទ្ធនាការនេះ បានបង្កើតឡើងដោយផ្តោត ជាចម្បងលើសារៈសំខាន់នៃការគិតគូរ ឱ្យបានដិតដល់ការថ្លឹងថ្លែងជម្រើសផលិតផល និងសេវាហិរញ្ញវត្ថុ និងការរៀបចំផែនការសកម្មភាព ដើម្បីជួយអ្នកប្រើប្រាស់ឱ្យទទួលបានការយល់ដឹងកាន់តែប្រសើរ អំពីសិទ្ធិការទទួលខុសត្រូវ និងការចូលរួមក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ និងការដាក់ឱ្យដំណើរការ ជាផ្លូវការយុទ្ធនាការ «តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់» រៀបចំឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមការចូលរួមពីលោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។

លោកស្រី អ៊ុក ម៉ាលី បានថ្លែងឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជា បានសហការជាមួយអង្គការ Good Return ក្នុងការអនុវត្តគម្រោងនៃយុទ្ធនាការផ្សព្វផ្សាយ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឈ្មោះថា «តោះ! និយាយពីលុយ» កាលពីឆ្នាំ២០១៦ ដែលយុទ្ធនាការនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។ ដោយយល់ឃើញពីភាពជោគជ័យនៃយុទ្ធនាការនេះ និងក្នុងគោលបំណងលើកកម្ពស់ ការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែមទៀត យុទ្ធនាការថ្មីមួយទៀត ដែលមានឈ្មោះថា «តោះ! និយាយពីលុយ៖ តក់ៗ ពេញបំពង់» ត្រូវបានបង្កើតឡើង ដោយផ្តោតជាចម្បងលើសារៈសំខាន់នៃការគិតគូរឱ្យបានដិតដល់ ការថ្លឹងថ្លែងជម្រើសផលិតផល និងសេវាហិរញ្ញវត្ថុ និងការរៀបចំផែនការសកម្មភាព ដើម្បីជួយអ្នកប្រើប្រាស់ឱ្យទទួលបានការយល់ដឹងកាន់តែប្រសើរអំពីសិទ្ធិ ការទទួលខុសត្រូវ និងការចូលរួមក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ»

លោកស្រីបានបញ្ជាក់ថា យុទ្ធនាការថ្មីនេះ មានប្រធានបទគន្លឹះចំនួន៤រួមមាន៖
១៖ ការគ្រប់គ្រងលុយកាក់របស់អ្នកឱ្យបានកាន់តែប្រសើរ។
២ ៖ ការត្រៀមខ្លួនសម្រាប់រឿង ដែលកើតឡើងដោយមិនបានព្រាងទុក។
៣៖ ការយល់ដឹងអំពីសិទ្ធិ និងការទទួលខុសត្រូវ។
៤៖ និយាយចេញមក។

លោកស្រីទេសាភិបាលរង បានបញ្ជាក់ថា សម្រាប់យុទ្ធនាការនេះធ្វើឡើងតាមរយៈ៖
* ករផ្សព្វផ្សាយតាមខ្សែវីដេអូអប់រំ ក្រោមចំណងជើងថា៖ «តក់ៗពេញបំពង់»។
* វគ្គបណ្តុះបណ្តាលផ្ទាល់សម្រាប់សហគ្រិនស្ត្រី និងកម្មការិនីរោងចក្រ។
* ករផ្សព្វផ្សោយតមកម្មវិធីវិទ្យុ ក្នុងទម្រង់ជាល្ខោននិយាយ។
* ករផ្សព្វផ្សាយតមខិតប័ណ្ណ (Flyers)។
* ករផ្សព្វផ្សាយតមបណ្តាញសង្គម។

លោកស្រី អ៊ុក ម៉ាលី បានជម្រាបជូនអំពីការរៀបចំ សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ត្រូវបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ ការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើផែនការសកម្មភាពអនុវត្តគម្រោង Making Access Possible (MAP) របស់មូលនិធិអភិវឌ្ឍមូលធនអង្គការសហប្រជាជាតិ (UNCDF) ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

កិច្ចប្រជុំបានឯកភាព និងគាំទ្រចំពោះផែនការសកម្មភាពសម្រាប់អនុវត្តគម្រោងខាងលើ និងបានយល់ព្រមចំពោះការបង្កើតក្រុមការងារ អន្តរក្រសួងរៀបចំយុទ្ធសាស្រ្តបរិយាបន្នហិរញ្ញវត្ថុ ដោយស្ថិតក្រោមគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងបានប្រគល់ភារកិច្ចជូនធនាគារជាតិនៃកម្ពុជា ធ្វើជាអ្នកសម្របសម្រួលអនុវត្តគម្រោងខាងលើនេះ។

លោក ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩២០២៥» និងការដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ «តោះ! និយាយពីលុយ តក់ៗពេញបំពង់» នាពេលនេះពិតជាមានសារៈសំខាន់ ក្នុងការលើកម្ពស់ការចូលរួមចំណែក និងពង្រឹងការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តវិធានការគោលនយោបាយនានា ដែលបានដាក់ចេញ ដើម្បីសម្រេចឱ្យបាននូវគោលដៅរួម គឺការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ នៅកម្ពុជា។

លោកបានបន្ដថា ជាការពិតក្នុងបរិបទនៃការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការរៀនរស់ជាមួយនឹងជំងឺកូវី៥-១៩ ក្នុងគន្លងនៃប្រក្រតីភាពថ្មី, វិស័យហិរញ្ញវត្ថុ គឺជាកាតាលីករមួយយ៉ាងសំខាន់ក្នុងជំរុញ និងពនឿនការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីទ្រទ្រង់ដល់ការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ប្រកបដោយសក្តានុពល។ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ក៏កាន់តែមានភាពកាន់តែចាំបាច់សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ឱ្យមានស្ថិរភាព ក៏ដូចជា ក្នុងការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍទាំងក្នុងនៅក្នុងអំឡុង និងក្រោយវិបត្តិ។

លោកបានបន្ថែមថា ក្នុងនោះការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន គឺជាកត្តាមួយមិនអាចខ្វះបាន ក្នុងលក្ខខណ្ឌសង្គមផង និង ជាសក្តានុពលសម្រាប់ការពន្លឿនកំណើនសេដ្ឋកិច្ចផង៕