(ភ្នំពេញ)៖ ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់កម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនត្រឹមតែ២.២ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំនេះ ដោយសារវិស័យសេវាកម្ម រួមមានវិស័យទេសចរណ៍, និងវិស័យសំណង់ និងអចលនទ្រព្យ នៅមានកំណើនយឺត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មាន World Bank បានឲ្យដឹងទៀតថា ទន្ទឹមគ្នានេះ វិស័យជាប្រពៃណីក្នុងការជំរុញកំណើន ជាពិសេសឧស្សាហកម្មកាត់ដេរ, ទំនិញធ្វើដំណើរ និងស្បែកជើង និងឧស្សាហកម្មផលិតកង់ រួមទាំងវិស័យកសិកម្មផង នៅតែបន្តដើរតួក្នុងការទ្រទ្រង់ ដល់ការស្តារសេដ្ឋកិច្ច ឲ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។ ទាំងនេះ ជាបច្ចុប្បន្នភាពចុងក្រោយ នៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលធនាគារពិភពលោកបានធ្វើឡើង តាមរយៈរបាយការណ៍ថ្មីមួយក្រោមចំណងជើងថា «រស់ជាមួយកូវីដ-១៩» (Living with COVID-19)។

ថ្វីដ្បិតតែការផលិតសម្រាប់ការនាំចេញបានរើបឡើងវិញ ហើយការនាំចេញផលិតផលកសិកម្ម មានការកើនឡើងពិតមែនក៏ដោយ ឱនភាពផ្នែកពាណិជ្ជកម្ម បានរីកទំហំកាន់តែធំគួរឲ្យកត់សម្គាល់ ដោយសារមានការកើនឡើងនៃការនាំចូលមុខទំនិញមួយចំនួន ជាពិសេសមាស សម្រាប់យកមកធ្វើជាសញ្ជ័យធន (ការសន្សំ)។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងដូច្នេះថា «យើងទាំងអស់គ្នាបានដឹងហើយថា ពេលនេះកម្ពុជាកំពុងតែរស់នៅជាមួយជំងឺកូវីដ-១៩, ប្រជាជនចំនួនច្រើនលើសលប់បានចាក់វ៉ាក់សាំងការពាររួច ហើយរដ្ឋាភិបាល ក៏បានចាប់ផ្តើមបើកប្រទេស ឲ្យដំណើរការឡើងវិញសឹងតែគ្រប់ផ្នែកហើយដែរ ដោយបន្តអនុវត្តវិធានការការពារសុខភាពដែលមានជាធរមានស្រាប់»

លោកស្រីបន្ដថា «នៅធនាគារពិភពលោក ពេលនេះយើងកំពុងតែរៀបចំធ្វើការពិនិត្យឡើងវិញ នូវការបំពេញកិច្ច និងបទពិសោធន៍ (Performance and Learning Review) ដែលនឹងអាចឲ្យយើងពង្រឹង នឹងសម្របភាពជាដៃគូរបស់យើងជាមួយកម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត ខណៈដែលប្រទេសនេះ កំពុងខិតខំស្តារសេដ្ឋកិច្ច ឲ្យកាន់តែមានភាពស្វិតស្វាញ បន្ទាប់ពីរងផលប៉ះពាល់ខ្លាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩»

តាមការព្យាករទុក សម្រាប់ពេលខាងមុខ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងបន្តងើបឡើងវិញបន្ទាប់ពីវិធានការរឹតត្បិតពាក់ព័ន្ធនឹងកូវីដ-១៩ត្រូវបានដកចេញ។ នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងសម្រេចបានកំណើន៤.៥% ប៉ុន្តែដំណើររើបឡើងវិញនេះ នឹងជួបហានិភ័យទៅវិញ ប្រសិនបើមានការសាយភាព នៃវីរុសនេះ ជាថ្មីម្តងទៀត។

ដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានកម្លាំងស្ទុះងើបឡើងវិញ របាយការណ៍នេះ បានផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់នូវផ្នែកសំខាន់ៗមួយចំនួន ក្នុងនោះ មានការដាក់ចេញនូវវិធាន និងបទប្បញ្ញត្តិច្បាស់លាស់ស្តីពីការរៀនរស់ជាមួយកូវីដ-១៩ស្របតាម «គន្លងប្រក្រតីភាពថ្មី», វិធានការផ្នែកបទប្បញ្ញត្តិ និងផ្នែកសារពើពន្ធ ដែលជួយដល់ការរស់រានឡើងវិញ របស់វិស័យទេសចរណ៍, និងការដាក់ចេញជាបន្ទាន់នូវបទប្បញ្ញត្តិនានាសម្រាប់អនុវត្តច្បាប់និយោគថ្មី។

របាយការណ៍នេះ បានបន្ថែមទៀតថា កាលណាការងើបឡើងវិញ នៃសេដ្ឋកិច្ចលេចចេញជារូបរាងហើយ កម្ពុជាអាចចាប់ផ្តើមរៀបចំកែសម្រួល លំហសារពើពន្ធ របស់ខ្លួនឡើងវិញ ហើយជាមួយគ្នានោះ បន្តតាមដានមើលលើគុណភាពរបស់ធនធាន និងបង្កើនភាពទុកចិត្តលើប្រព័ន្ធធនាគារ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕