(ភ្នំពេញ)៖ ការនាំចូលស៊ីម៉ង់តិ៍ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ធ្លាក់ចុះប្រមាណ៣៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ខណៈការនាំចូលដែកសម្រាប់វិស័យសំណង់វិញកើនឡើងតែ ១%ប៉ុណ្ណោះ ដោយសារតែការថមថយ នូវសកម្មភាពសាងសង់ ក្នុងប្រទេសនាឆ្នាំ២០២១នេះ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពីខែមករាដល់ខែតុលាកម្ពុជា បាននាំចូលស៊ីម៉ង់តិ៍មានតម្លៃប្រមាណ៤០លានដុល្លារអាមេរិក ថយចុះ១៩លានដុល្លារ ឬ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានទំហំ៥៩លានដុល្លារអាមរិក។

ចំណែកការនាំចូលដែកក្នុងរយៈពេល១០ខែនេះ មានតម្លៃ៣២៦លានដុល្លារអាមេរិក កើនឡើង១% បើធៀបនឹងឆ្នាំមុន ដែលការនាំចូលដែកមានតម្លៃ៣២១លានដុល្លារអាមេរិក។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែធ្នូនេះថា ការនាំចូលស៊ីម៉ង់តិ៍ធ្លាក់ចុះនេះ ដោយសារសកម្មភាពនៃការសាងសង់សំណង់អគារផ្សេងៗ មានការធ្លាក់ចុះជាងមុន ពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈការផលិតស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនក្នុងស្រុក សម្រាប់បំពេញតម្រូវការ ក្នុងវិស័យសំណង់ មានបរិមាណប្រហាក់ប្រហែលគ្នានឹងឆ្នាំមុន គឺប្រមាណ៨លានតោន។

លោកបានឱ្យដឹងថា ក្នុងរយៈពេល១១ ខែឆ្នាំ២០២១នេះ គឺពីខែមករា ដល់ខែ វិច្ឆិកា ឆ្នាំ២០២១នេះ រោងចក្រស៊ីម៉ងតិ៍នៅក្នុងស្រុក ផលិតបាន៧ ៩៨៩ ៨៦៤តោន ថយចុះប្រមាណ១០%ប៉ុណ្ណោះ។

«ផលិតកម្មរបស់យើងនៅដដែលទេ ដោយឡែកចំពោះការនាំចូលធ្លាក់ចុះ ដោយសារសំណង់មានការធ្លាក់ចុះ ដោយសារតែបញ្ហាកូវីដ១៩ ដែលមានទូទាំងពិភពលោក»។ លោក ពុត ចន្តារិទ្ធ បញ្ជាក់បន្ថែម។

ស៊ីម៉ង់តិ៍ និងដែក ដែលនាំចូលមកកម្ពុជាភាគច្រើន គឺមកពីវៀតណាម និងថៃ។

សូមជម្រាបថា បច្ចុប្បន្ននេះកម្ពុជាមាន ក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ចំនួន៥ រួមមានក្រុមហ៊ុនកំពត ស៊ីមេន, ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង, ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន និងក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី៕