(ក្រុងឡុងដ៍)៖ ប្រេងឆៅប្រភេទ Brent ដែលតម្លៃប្រេងគោលពិភពលោកបានឡើងថ្លៃដល់ ៨០ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតគិតចាប់ពីខែវិច្ឆិកាមក ខណៈដែលក្រុមប្រទេសផលិតប្រេង OPEC+ បានព្រមព្រៀងរក្សាផែនការបង្កើនទិន្នផលប្រេងរបស់ខ្លួននៅដដែលសម្រាប់ខែកុម្ភៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការរក្សាផែនការបង្កើនទិន្នផលប្រេងនៅដដែលនេះបានធ្វើឡើងដោយផ្អែកលើការសន្និដ្ឋានដែលថា វីរុសប្រភេទថ្មីអូមីក្រុងនឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើតម្រូវការប្រេង។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រេងឆៅប្រភេទ Brent ត្រូវបានជួញដូរក្នុងតម្លៃ ៨០ដុល្លារក្នុងមួយបារ៉ែលដោយឡើងថ្លៃ ១,០២ដុល្លារ ឬ ១,៣ភាគរយ ដែលជាកម្រិតមួយដែលធ្លាក់កើតមាននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំមុន នៅពេលដែលមានសេចក្តីរាយការណ៍ថា វីរុសប្រភេទថ្មីនេះត្រូវបានរកឃើញជាលើកដំបូង ដែលបង្កើឱ្យប្រេងឆៅធ្លាក់ថ្លៃជាង ១០ភាគរយនៅថ្ងៃនោះ។

ប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានឡើងថ្លៃ ៩១សេន ឬ ១,២ភាគរយ ដល់ ៧៦,៩៩ដុល្លារក្នុងមួយបារ៉ែល។

លោក Bjornar Tonhaugen ប្រធានផ្នែកទីផ្សារប្រេងរបស់ក្រុមហ៊ុន Rystad Energy បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ទីផ្សារប្រេងឡើងថ្លៃនៅថ្ងៃនេះ ដោយសារភាពសុទិដ្ឋិនិយមដែលកើតមានចេញពីកិច្ចប្រជុំរបស់ក្រុមប្រទេសផលិតប្រេង OPEC+ ដែលកំពុងជំរុញការជួញដូរប្រេងឆៅក្នុងតម្លៃកាន់តែខ្ពស់»

ក្រុមប្រទេសផលិតប្រេង OPEC+ ដែលរួមមានប្រទេសជាសមាជិករបស់អង្គការ OPEC និងប្រទេសជាសម្ព័ន្ធមិត្ត បានព្រមព្រៀងរក្សាផែនការដំឡើងទិន្នផលប្រេងឆៅរបស់ខ្លួននៅកម្រិត ៤សែនបារ៉ែលក្នុងមួយថ្ងៃដដែលសម្រាប់ខែកុម្ភៈ។

សេចក្តីសម្រេចចិត្តនេះឆ្លុះបញ្ចាំងឱ្យឃើញពីការថមថយក្តីបារម្ភដែលថានឹងមានផលលើសប្រេងឆៅច្រើននៅត្រីមាសទី១ ឆ្នាំនេះ៕