(ប៉េកាំង)៖ បទប្បញ្ញត្តិដែលកែប្រែឡើងវិញថ្មីមួយរបស់ប្រទេសចិន តម្រូវឱ្យក្រុមហ៊ុនជាប្រតិបត្តិករភ្លែតហ្វមអនឡាញដែលមានអ្នកប្រើប្រាស់ច្រើនជាង ១លាននាក់ ស្ថិតក្រោមការពិនិត្យមើលសន្តិសុខអ៊ីនធឺណិត នៅពេលដែលក្រុមហ៊ុនទាំងនោះមានបំណងបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅក្នុងទីផ្សារបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ថា បើយោងតាមបទប្បញ្ញត្តិដែលកែប្រែថ្មីនេះ ប្រតិបត្តិករផ្នែកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗដែលទិញផលិតផលនិងសេវាកម្មបណ្តាញ ព្រមទាំងប្រតិបត្តិករភ្លែតហ្វមបណ្តាញ ដែលអនុវត្តសកម្មភាពដំណើរការទិន្នន័យ នឹងស្ថិតក្រោមការពិនិត្យមើលផ្នែកសន្តិសុខ ប្រសិនបើសកម្មភាពរបស់ក្រុមហ៊ុនទាំងនេះប៉ះពាល់ឬអាចប៉ះពាល់ដល់សន្តិសុខជាតិ។

ច្បាប់ថ្មីនេះបានឱ្យដឹងថា និយ័តករនានានឹងវាយតម្លៃថាតើការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈរបស់ក្រុមហ៊ុនមួយ អាចឈានទៅរកការប៉ះពាល់ គ្រប់គ្រង ឬប្រើប្រាស់ក្នុងគោលបំណងមិនល្អនូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ទិន្នន័យស្នូល និងទិន្នន័យសំខាន់ៗ ឬបរិមាណព័ត៌មានផ្ទាល់ខ្លួនដ៏ច្រើនពីសំណាក់រដ្ឋាភិបាលបរទេសដែរឬយ៉ាងណា។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយរដ្ឋបាលលំហរអ៊ីនធឺណិតចិន (CAC) បានឱ្យដឹងថា ពាក្យស្នើសុំពិនិត្យមើលសន្តិសុខអ៊ីនធឺណិតអាចទទួលបានលទ្ធផលចំនួនបី។ ទីមួយ នឹងមិនមានការតម្រូវឱ្យពិនិត្យមើលឡើយ ទី២ ប្រសិនបើការបោះផ្សាយ IPO មិនប៉ះពាល់ដល់សន្តិសុខជាតិ ការបោះផ្សាយនោះអាចធ្វើទៅបាន ទី៣ ប្រសិនបើការបោះផ្សាយ IPO ត្រូវបារកឃើញថាប៉ះបាល់ដល់សន្តិសុខជាតិ ការបោះផ្សាយនេះនឹងមិនត្រូវបានអនុញ្ញាតឡើយ។

សេចក្តីប្រកាសព័ត៌មាននេះក៏កត់សម្គាល់ផងដែរថា វិធានការថ្មីនេះមានបំណងធានាឱ្យបានបន្ថែមទៀតនូវលំហរអ៊ីនធឺណិតនិងសន្តិសុខទិន្នន័យ និងការពារសន្តិសុខជាតិ។

ដោយអះអាងថា ការបើកចំហរគឺជាគោលនយោបាយជាមូលដ្ឋានរបស់ប្រទេសចិន សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា ប្រទេសចិនតែងតែគាំទ្រសហគ្រាសក្នុងស្រុកក្នុងការប្រើប្រាស់ដោយសមហេតុផលនូវទីផ្សារមូលធនក្រៅប្រទេស ស្របតាមច្បាប់និងបទប្បញ្ញត្តិ។

ការកែប្រែបទប្បញ្ញត្តិស្តីពីការពិនិត្យមើលសន្តិសុខអ៊ីនធឺណិតនេះ ត្រូវបានធ្វើឡើងដោយទីភ្នាក់ងារកណ្តាលចំនួន១៣ រួមទាំង CAC ផងដែរ បន្ទាប់ពីប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីសន្តិសុខទិន្នន័យ។

សមាសធាតុមួយចំនួនក្នុងការវាយតម្លៃហានិភ័យសន្តិសុខជាតិ ក៏មានចែងនៅក្នុងបទប្បញ្ញត្តិថ្មីនេះផងដែរ ដែលនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែកុម្ភៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួ៕