(តូក្យូ)៖ បន្ថែមពីលើការវិនិយោគផ្សារទំនើបជាច្រើនទីតាំងនៅកម្ពុជា ក្រុមហ៊ុនលក់រាយដ៏ធំមួយរបស់ជប៉ុន AEON គ្រោងវិនិយោគលើការសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតអន្តរជាតិធំមួយ ដើម្បីផ្ដល់សេវាកម្មស្តុកទំនិញនាំចូល សម្របសម្រួលនីតិវិធីគយ និងគាំទ្រការលក់ទំនិញអនឡាញឆ្លងដែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។

មជ្ឈមណ្ឌលដឹកជញ្ជូននេះមានទំហំប្រហែល៣ម៉ឺនម៉ែត្រការ៉េ ដែលអាចនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែក្រុងព្រះសីហនុ។

មជ្ឈមណ្ឌលនេះនឹងក្លាយជាឃ្លាំងស្តុកទំនិញដំបូងរបស់កម្ពុជា ដែលអនុញ្ញាតឱ្យអ្នកនាំចូលទំនិញរក្សាទុកផលិតផលពី នាំចូលពីក្រៅប្រទេស ដោយមិនចាំបាច់បង់ពន្ធ មុនពេលពួកគេឆ្លងកាត់នីតិវិធីគយ។
ក្រុមហ៊ុនអាចទុកទំនិញក្នុងបរិមាណច្រើន ក្នុងរយៈពេលជាក់លាក់មួយ ដោយអាចដកទំនិញបន្តិចម្តងៗតាមតម្រូវការ និងគិតអត្រាពន្ធទៅតាមចំនួនទំនិញជាក់ស្តែង។

ក្រុមហ៊ុន អ៊ីអន ដែលកំពុងដំណើរការផ្សារទំនើបចំនួនពីរ ទីតាំងនៅក្នុងប្រទេសកម្ពុជា សម្លឹងមើលឃើញថានឹងមានអ្នកនាំចូលទំនិញ ត្រូវការឃ្លាំង ដើម្បីរក្សាទុកទំនិញនាំចូលពីប្រទេសជប៉ុន អឺរ៉ុប សហរដ្ឋអាមេរិក និង ប្រទេសមួយចំនួនទៀត។

បច្ចុប្បន្ននេះ ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬ E-Commerce អន្តរជាតិ នៅក្នុងតំបន់កំពុងមានការពង្រីកកាន់តែខ្លាំង ខណៈក្រុមហ៊ុនរកស៊ីក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏ធំមួយរបស់ចិន គឺ Alibaba Group ក៏បានផ្ដោតការយកចិត្តទុកដាក់មកលើទីផ្សារកម្ពុជាដែរ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនធំៗរបស់ជប៉ុន ក៏កំពុងមានផ្ដល់សេវាកម្មជាច្រើននៅកម្ពុជា។

បន្ទាប់ពីពង្រីកការវិនិយោគលើឃ្លាំងស្តុកទំនិញនៅកម្ពុជា ក្រុមហ៊ុនលក់រាយដ៏ធំមួយរបស់ជប៉ុន AEON ក៏គ្រោងពង្រីកការវិនិយោគនៅប្រទេសក្នុងតំបន់២ទៀត គឺ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីទៀតផង៕