(ភ្នំពេញ)៖ អ្នកជំនាញលើវិស័យអចលនទ្រព្យចំនួន៥រូប បានបង្ហាញទស្សនៈរៀងៗខ្លួនពាក់ព័ន្ធឱកាស និងបញ្ហាប្រឈមនានាលើការអភិវឌ្ឍន៍ខុនដូ, បុរី, ដីធ្លី, ការជួលការិយាល័យ និងដីឡូតិ៍។

* ការអភិវឌ្ឍន៍ខុនដូ ក្នុងឆ្នាំ២០២២

អ្នកស្រី អាន សុធីតា អ្នកជំនាញវិស័យខុនដូ បានឲ្យដឹងថា វិស័យខុនដូសម្រាប់ឆ្នាំ២០២១ ជាឆ្នាំដែលលំបាកជាងឆ្នាំ២០២០ ដោយសារអំឡុងពេលផ្ទុះជំងឺកូវីដ១៩។ ទីផ្សារខុនដូត្រូវបានគាំទ្រ ដោយទីផ្សារក្នុងស្រុក និងទីផ្សារបរទេស ប៉ុន្ដែបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ទីផ្សារខុនដូក្នុងស្រុកបានគាំទ្ររហូតដល់៩០ភាគរយ ចំណែកទីផ្សារបរទេសមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ ក្នុងនោះការលក់ធ្លាក់ចុះប្រមាណ២០ភាគរយ ចំណែកតម្លៃធ្លាក់ចុះ៥ភាគរយ។

អ្នកស្រីបានបន្ដថា ចំពោះឆ្នាំ២០២២ មិនទាន់អាចព្យាករណ៍បានឡើយថានឹងមានស្ថានភាពបែបណា ដោយសារតែបញ្ហាកើតឡើងមិនទៀងទាត់ ប៉ុន្ដែនៅតែសង្ឃឹមថាឆ្នាំនេះទីផ្សារខុនដូនឹងមានស្ថានភាពល្អប្រសើរ ទោះបីថ្មីៗនេះមានការវាយលុកពីវីរុកកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក្ដី។

អ្នកស្រីបានបន្ថែមថា ក្នុងឆ្នាំ២០២២ បើស្ថានភាពនៃមេរោគថ្មី អាចគ្រប់គ្រងបាន នោះទីផ្សារខុនដូនឹងល្អប្រសើរឡើងវិញ ប៉ុន្ដែមិនល្អដូចឆ្នាំ២០១៩ឡើយ អាចនឹងមានកំណើនកើនឡើងយឺត និងសន្សឹមៗ។ ទីផ្សារខុនដូជាទីផ្សារ ដែលផ្ដោតលើទីផ្សារក្រៅប្រទេសភាគច្រើន ដូច្នេះទីផ្សារក្នុងស្រុកតែមួយ មិនអាចគាំទ្របាននោះឡើយ។

* ដីធ្លីឆ្នាំ២០២២

លោកឧកញ៉ា ចេង ខេង អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា វិស័យដីធ្លីក្នុងឆ្នាំ២០២២ នឹងមានភាពល្អប្រសើរ ដោយសារតែជំងឺកូវីដ១៩ ត្រូវគ្រប់គ្រងបាន ធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្ដើមធ្វើជំនួញគ្រប់មុខឡើងវិញ កាលណាមានចលនាប្រជាពលរដ្ឋ ធ្វើអាជីវកម្មនឹងធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើង។

លោកឧកញ៉ាបន្ដថា «វិស័យដីធ្លីក្នុងអំឡុងផ្ទុះជំងឺកូវីដ១៩ បានប្រឈមបញ្ហាមួយចំនួនធំ ដោយសារតែមិនមានការវិនិយោគ ពិសេសការវិនិយោគពីអ្នកមាន ប៉ុន្ដែពេលនេះមានការបើកជំហរជើងមេឃឡើងវិញ ដោយរាជរដ្ឋាភិបាលបានស្រោចវ៉ាក់សាំង លើប្រជាពលរដ្ឋ ដូច្នេះធ្វើឲ្យការវិនិយោគលើវិស័យដីធ្លី ចាប់ផ្ដើមមានសន្ទុះឡើងវិញ។ ខ្ញុំសន្និដ្ឋានថាឆ្នាំ២០២២នេះ វិស័យដីធ្លីនឹងមានភាពល្អប្រសើរជាងមុន»

* ការអភិវឌ្ឍន៍បុរី ឆ្នាំ២០២២

បណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន KW Cambodia បានថ្លែងថា ចំពោះគម្រោងបុរីចាស់វស្សា នៅតែមានភាពល្អប្រសើរ ប៉ុន្ដែចំពោះគម្រោងថ្មីថ្មោង មិនល្អប្រសើរទេ អាចប្រឈមនឹងការបិទទ្វារ ដោយសារតែគម្រោងចាស់វស្សា មានឱកាសទីផ្សារច្រើន មានបទពិសោធន៍ និងចំណេះជំនាញច្រើន។

ចំណែកគម្រោងថ្មីថ្មោងអាចថា អាចប្រឈមនឹងការបិទទ្វារ ដោយសារតែកាលពីឆ្នាំ២០១៨ ដល់ពាក់កណ្ដាលឆ្នាំ២០២០ គម្រោងថ្មីថ្មោងអាចទទួលបានឱកាសចំណេញ ដោយសារមិនមានការផ្ទុះនៃជំងឺកូវីដ១៩ ប៉ុន្ដែក្នុងឆ្នាំ២០២០-២០២១បញ្ហាកូវីដ១៩ ធ្វើឲ្យបុរីថ្មីមិនមានបទពិសោធន៍គ្រប់គ្រាន់ មិនមានក្រុមលក់ មិនមានប្រភពទុន គឺប្រឈមបញ្ហាខាតបង់ច្រើន។

បណ្ឌិតបន្ថែមថា «ក្នុងឆ្នាំ២០២២ ប្រសិនបើមានផលប៉ះពាល់នៃជំងឺកូវីដ១៩បំប្លែងថ្មី អូមីក្រុង ខ្ញុំមើលឃើញឱកាសនៅតែមាន ចំពោះគម្រោងចាស់វស្សា ដោយសារតែពួកគាត់មានដើមទុន មានភ្ញៀវស្រាប់ មានបទពិសោធន៍ និងមានចំណេះដឹងពេញខ្លួន ក្រុមហ៊ុនត្រូវបានអតិថិជនទុកចិត្តពីអតិថិជន ដូច្នេះសរុបសេចក្ដីមកគម្រោងចាស់វស្សា ប្រឈមការលក់បានតិច-ចំណេញតិច តែប៉ុន្ដែមិនប្រឈមការខាតបង់ឡើយ»

បណ្ឌិតបញ្ជាក់ថា ចំពោះឆ្នាំ២០២២ គម្រោងសាងសង់ថ្មី មិនមានច្រើននោះទេ ប៉ុន្ដែល្អជាងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារតែគម្រោងដែលជាប់ស្ទះ ត្រូវបានសាងសង់បានមួយចំនួនឡើងវិញ ជាការព្យាករណ៍ឆ្នាំ២០២២ នៅតែល្អប្រសើរជាងឆ្នាំ២០២១ ចំពោះឆ្នាំ២០២១។

* ការអភិវឌ្ឍន៍ដីឡូតិ៍ ឆ្នាំ២០២២

លោក ម៉ាន់ ច័ន្ទឌី អ្នកជំនាញមួយរូបថ្លែងថា ឆ្នាំ២០២២ វិស័យដីឡូតិ៍នៅតែមានដំណើរការ ល្អជាងឆ្នាំ២០២១ ជាក់ស្ដែងដើមឆ្នាំ២០២២ ចូលមកដល់ភ្លាមទីផ្សារដីឡូតិ៍មានភ្លាមតែម្ដង និងមានតម្រូវការច្រើន ព្រមទាំងល្អប្រសើរទៀតផង ដោយអតិថិជននៅតែមានតម្រូវការ និងចាប់អារម្មណ៍លើការទិញ-លក់ដីឡូតិ៍។

លោកថា ចំពោះបញ្ហាប្រឈមមិនមាននោះទេ ប្រសិនបើរាជរដ្ឋាភិបាលអាចគ្រប់គ្រងជំងឺកូវីដ១៩បំប្លែងថ្មី អូមីក្រុង។ ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញនូវយុទ្ធសាស្រ្ដមួយចំនួនដូចជា ចាប់ផ្ដើមចាក់ដូសជំរុញចំពោះអ្នកជួរមុខ និងអ្នកនៅក្នុងក្រុងភ្នំពេញ ដូច្នេះមិនមានបញ្ហាប្រឈមចំពោះវិស័យដីឡូតិ៍ឡើយ។

លោកបន្ដថា ទីផ្សារដីឡូតិ៍នៅតែមានតម្រូវការ ទោះបីតម្លៃមានការប្រែប្រួលតិចតួចក្ដី ដោយសារតែបន្ទាប់ពីទទួលរងបញ្ហាកូវីដ១៩ ដីធំពិបាកលក់ ព្រោះមិនមានវិនិយោគិនបរទេសមកវិនិយោគ ដូច្នេះបើដីធំពុះជាដីឡូតិ៍លក់ គឺមានចរន្ដទិញ-លក់ច្រើន ចរន្ដនៃការទិញលក់ដីឡូតិ៍ នៅតែមានភាពល្អប្រសើរ ក្នុងឆ្នាំ២០២២។

* ការជួលការិយាល័យ ឆ្នាំ២០២២

លោក ចឹ្រក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាបានថ្លែងថា ក្នុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ការរិយាល័យមិនទាន់ មានអ្វីប្រែប្រួលឡើយ អាគារដែលត្រូវបានជួលច្រើនជាងគេ គឺអាគារ B និងអាគារ C ចំណែកអាគារ A មិនសូវមានអ្នកជួលនោះទេ ដោយសារតែតម្លៃថ្លៃខ្លាំង ហើយភាគច្រើនត្រូវបានជួលដោយក្រុមហ៊ុនធំៗ។ ចំពោះតម្លៃនៃអាគារ B តម្លៃចន្លោះពី ២០-២៥ដុល្លារក្នុងមួយការ៉េ ចំណែកតម្លៃនៃអាគារ C ចន្លោះក្រោម១៥ដុល្លារក្នុងមួយការរ៉េ។

លោកបានបន្ថែមថា អាគារ B និងអាគារ C ត្រូវបានជួលច្រើន ដោយសារតែម្ចាស់អាជីវកម្មមិនចង់ចំណាយច្រើនលើការជួលផ្ទះ
ហើយភាគច្រើនជាម្ចាស់អាជីវកម្មជាជនជាតិខ្មែរ ចំណែកអាគារ A ត្រូវបានជួលដោយវិនិយោគិនបរទេស៕