(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវជាថ្មីដល់ម្ចាស់រថយន្តគ្មានពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ សូមចូលមកបង់ពន្ធឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែមិនទទួលបានការអនុគ្រោះ១០%ដូចមុនឡើយ។

តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ លោកបណ្ឌិត គុណ ញឹម បានអំពាវនាវយ៉ាងដូច្នេះថា «នៅមានម្ចាស់រថយន្តគ្មានពន្ធមួយចំនួនទៀត ដែលមិនបានមកបំពេញកាតព្វកិច្ចពន្ធ តាមការអំពាវនាវរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀត ដល់ម្ចាស់ ឬបុគ្គលកាន់កាប់រថយន្តគ្មានពន្ធ សូមអញ្ជើញចូលមកបំពេញ កាតព្វកិច្ចពន្ធ និងអាករ ឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់»

លោករដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់រថយន្តចង្កូតឆ្វេង ម្ចាស់នៅតែអាចចូលមកបង់ពន្ធ បានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែពុំទទួលបានការអនុគ្រោះពន្ធ ១០% ដូចមុនទៀតទេ។ សម្រាប់រថយន្តចង្កូតស្តាំ ម្ចាស់អាចមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ-អាករដក១០% ហើយយករថយន្តរបស់ខ្លួន ទៅកែចង្កូតពីស្តាំមកឆ្វេង។ ឱសានវាទថ្ងៃបញ្ចប់យុទ្ធនាការប្រមូលពន្ធ និងអាករលើរថយន្តមានស្រាប់ក្នុងប្រទេស និងជ្រកក្រោមផ្លាកលេខផ្សេងៗ គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា «ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ យានយន្តគ្មានពន្ធ ដែលបានបង្ក្រាបនឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះជាគ្រឿងបន្លាស់»

សូមជម្រាបថា ចាប់តាំងពីថ្ងៃចាប់ផ្តើមអនុវត្តយុទ្ធនាការប្រមូលពន្ធ និងអាករនាខែកញ្ញា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ មានរថយន្តចង្កូតឆ្វេង និងរថយន្តស្ដាំបានចំនួន ៥,៤៤១គ្រឿង ទទួលចំណូលពន្ធ ៤៩.៥៦លានដុល្លា៕