(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ការរៀបចំឥណទានឡើងវិញ មានចំនួន៣២៨ ៥៥២គណនី គិតជាទឹកប្រាក់ប្រមាណ៥.៥ប៊ីលានដុល្លារ ដោយបានរួមចំណែកជួយប្រជាពលរដ្ឋ និងអាជីវកម្ម បានមួយកម្រិតក្នុងអំឡុងពេលផ្ទុះនៃជំងឺកូវីដ១៩។ ចំណែកឯប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារនៅតែបន្តកើនឡើង។

នេះបើយោងតាមរបាយការណ៍ ក្នុងកម្មវិធីការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅធនាគារជាតិនៃកម្ពុជា ក្រោមការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

លោក ជា ចាន់តូ បានថ្លែងថា «ប្រព័ន្ធធនាគារបានបន្តឆ្លើយតប នឹងតម្រូវការហិរញ្ញប្បទានរបស់វិស័យឯកជន ដោយរក្សាបាននិរន្តរភាព នៃការផ្តល់ឥណទានទៅគ្រប់វិស័យនៃសេដ្ឋកិច្ច ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញសរុបចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល ឬ៥,៥ ប៊ីលានដុល្លារអាមេរិក បានសម្រាលបន្ទុកពលរដ្ឋ និងអាជីវកម្មបានមួយកម្រិត»

លោកបានបន្ថែមថា ក្នុងនោះប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារនៅតែបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃជំនឿទុកចិត្ត របស់សាធារណជន និងវិនិយោគិនមកលើប្រព័ន្ធធនាគារ។

លោកបានបញ្ជាក់ថា ស្របតាមដំណើរការសេដ្ឋកិច្ច និងការរស់នៅតាមគន្លងថ្មី ដែលបានបង្កើនការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិកត្រូនិក (E-Commerce) ដូចជាការទិញ-លក់ទំនិញអនឡាញជាដើម ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍ និងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិកត្រូនិក ដែលបានសម្រួលដល់ការទូទាត់ និងការផ្ទេរប្រាក់ ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទាំងក្នុង និងក្រៅប្រទេសទាំងអស់បានរួមចំណែករក្សានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិសេសនៅក្នុងអំឡុងពេលនៃការបិទខ្ទប់ និងកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ ដើម្បីចៀសវាងពីការឆ្លងជំងឺកូវីដ-១៩។

ក្នុងចំណោមប្រព័ន្ធទូទាត់ដែលកំពុងដំណើរការ ប្រព័ន្ធបាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) បានបម្រើជាប្រព័ន្ធទូទាត់កន្លោងមួយដែលសម្រួល ដល់ការផ្ទេរប្រាក់របស់អ្នកប្រើប្រាស់ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយទៅគ្រឹះស្ថានដទៃទៀត បន្ថែមលើការទូទាត់ពីអតិថិជនទៅកាន់ពាណិជ្ជករដោយផ្ទាល់ ប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងតម្លៃទាប។

លោក ជា ចាន់តូ បានបញ្ជាក់ថា ទោះយ៉ាងណាសេដ្ឋកិច្ចឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ ដែលត្រូវបានគាំទ្រដោយការងើបឡើង នៃសេដ្ឋកិច្ចពិភពលោកដែលបានជំរុញការនាំចេញ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលនូវវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងការឆ្លងរាលដាល ក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំង ដល់ប្រជាជនបានប្រមាណ៩០% នៃប្រជាជនសរុបដែលបានបើកឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការឡើងវិញជាលំដាប់។

ក្នុងស្ថានភាពនេះកំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង-៣,១% ឆ្នាំ២០២០។

ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក៏ទទួលបានភាពអំណោយផលពីការរក្សាបានស្ថិរភាពថ្លៃ និងតម្លៃប្រាក់រៀល ដែលបានការពារអំណាចទិញរបស់ប្រជាជន និងរួមចំណែករក្សាជំនឿទុកចិត្តរបស់វិនិយោគិន។ អតិផរណាត្រូវបានរក្សាក្នុងអត្រា ២,៩% ដែលជាកម្រិតទាបអាចគ្រប់គ្រងបាន។

កត្តាចម្បងនាំឱ្យមានអតិផរណា គឺការងើបឡើងវិញនៃថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ខណៈដែលថ្លៃម្ហូបអាហារ និងថ្លៃទំនិញសំខាន់ៗផ្សេងទៀតបានថយល្បឿន។ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានបន្តរងសម្ពាធពី ភាពទន់ខ្សោយនៃសកម្មភាពសេដ្ឋកិច្ចដែលបន្ថយតម្រូវការប្រាក់រៀល ការអនុវត្តនយោបាយសារពើពន្ធក៏ដូចជារូបិយវត្ថុវិត្ថារកម្ម ដែលបង្កើនការផ្គត់ផ្គង់ប្រាក់រៀលក្នុងសេដ្ឋកិច្ច គួបផ្សំនឹងនិន្នាការឡើងថ្លៃ នៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង៥០០លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក។ បើធៀបនឹងឆ្នាំ២០១៩ អត្រាប្តូរប្រាក់បានប្រែប្រួលប្រមាណ១%។ ការគ្រប់គ្រងតម្លៃប្រាក់រៀលប្រកបដោយប្រសិទ្ធភាព ត្រូវបានគាំទ្រដោយកម្រិតខ្ពស់គ្រប់គ្រាន់ នៃទុនបម្រុងអន្តរជាតិ ដែលមានកម្រិតស្មើនឹងជាង៨ខែ នៃការនាំចូលទំនិញនិងសេវា ធៀបនឹងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ខែ)៕