(ភ្នំពេញ)៖ យោងតាមមន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លោក អ៊ុក សារ៉ាត ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ឆ្នាំ២០២១ ការទូទាត់តាមអេឡិចត្រូនិកបានកើនឡើង បើធៀបនឹងឆ្នាំ២០២០ ដោយប្រតិបត្តិការទូទាត់មានចំនួន ៦៩៨.៨លានប្រតិបត្តិការ គិតជាទឹកប្រាក់១៩៩.៧៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹង៧៨៧%នៃផលិតផលសរុប។

លោកបានបញ្ជាក់ថា «ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងកំពុងវិវត្តទៅរកការទូទាត់ឌីជីថល ដែលមានហេដ្ឋារចនាសម្ព័ន្ធ សេវា និងឧបករណ៍ទូទាត់ថ្មីៗ។ ក្នុងឆ្នាំ២០២១ ការទូទាត់អេឡិចត្រូនិកបានកើនឡើង ធៀបនឹងឆ្នាំ២០២០ ដោយប្រតិបត្តិការទូទាត់អេឡិចត្រូនិកមានចំនួន ៦៩៨.៨លានប្រតិបត្តិការ គិតជាទឹកប្រាក់ចំនួន១៩៩.៧៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹង៧៨៧% នៃផលិតផលសរុប»។

លោកបន្ថែមថា ជាមួយការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន បានដាក់ឱ្យប្រើប្រាស់សេវាផ្ទេរប្រាក់ និងទូទាត់ឆ្លងដែនតាមរយៈមធ្យោបាយឌីជីថល បន្ថែមពីលើការផ្តល់សេវាតាមភ្នាក់ងារ និងបញ្ជរ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា ការទូទាត់ប្រាក់តាមអេឡិចត្រូនិចនៅកម្ពុជា កំពុងតែមានការកើនឡើង ដោយសារតែការទូទាត់នេះ ផ្តល់ភាពងាយស្រួល ឆាប់រហ័ស សុវត្តិភាពខ្ពស់ និងកាត់បន្ថយការចំណាយមិនចាំបាច់នានា។ ជាក់ស្ដែងកាលពីមុន ដើម្បីផ្ទេរប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុមួយ ទៅគ្រឹះស្ថានមួយទៀត អតិថជនត្រូវធ្វើដំណើរទៅកាន់គ្រឹះស្ថានដោយផ្ទាល់ ដើម្បីបំពេញឯកសារ និងត្រូវប្រើពេលរង់ចាំរយៈពេល២-៣ថ្ងៃ និងត្រូវបង់ថ្លៃសេវាខ្ពស់ទៀតផង ទាំងនេះមិនត្រឹមតែខាតពេលវេលានោះទេ ថែមទាំងខាតថ្លៃសេវាផងដែរ។

លោក កាំង តុងងី បានបញ្ជាក់ថា «សម្រាប់គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច បានជួយបង្កើនប្រសិទ្ធភាពសេវាកម្ម តាមរយៈការកាត់បន្ថយការចំណាយលើបុគ្គលិក ក្រដាស់ស្នាមនានា និងផ្តល់ភាពងាយស្រួល ក្នុងការគ្រប់គ្រងទិន្នន័យផងដែរ»។

លោកបញ្ជាក់ថា បច្ចុប្បន្នអតិថិជនអាចផ្ទេរប្រាក់បានភ្លាមៗ តាមទូរសព្ទដៃដោយប្រើប្រាស់ប្រព័ន្ធ បាគង ដោយមិនចាំបាច់រង់ចាំ ខាតពេលវេលា ឬទៅកាន់គ្រឹះស្ថានផ្ទាល់នោះទេ ចំណែកថ្លៃសេវាមានតំលៃទាប ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះមិនបាច់ចំណាយថ្លៃសេវាទៀតផង។

លោកបន្ថែមថា ទោះជាយ៉ាងនេះក្ដីក៏នៅមានអតិថិជនមួយចំនួនពុំទាន់ចេះ និងបានប្រើប្រាស់ ការទូទាត់តាមអេឡិចត្រូនិនេះឡើយ ដូច្នេះគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ រួមទាំងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយលើកទឹកចិត្ត ដល់អតិថិជនក្នុងការប្រើប្រាស់ការទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិចនេះ។

ជាក់ស្ដែងការបង្កើតសេវានៃការទូទាត់តាមអេឡិចត្រូនិកនេះ ត្រូវបានសម្រួលឲ្យកាន់តែមានភាពសាមញ្ញ ងាយស្រួល ឆាប់រហ័ស សម្រាប់អតិថិជនផងដែរ។ គ្រឹះស្ថានតែងតែផ្តល់ជំរើសសេវាកម្មច្រើនប្រភេទ និងតាមតម្រូវការបស់អតិថិជន ក្នុងករណីទូទៅអតិថិជននៅតែអាចស្វែងរកការគាំពារ ឬសេវាកម្មដោយផ្ទាល់ពីបុគ្គលិករបស់គ្រឹះស្ថាន៕