(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម បានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងវិនិយោគមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលគ្រោងធ្វើឡើងខេត្តកំពត ខណៈកម្ពុជាត្រូវការជាចាំបាច់នូវហេដ្ឋរចនាសម្ព័ន្ធបែបនេះ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនសេដ្ឋកិច្ច និងការនាំចេញ នាំចូលទំនិញ ដែលបានស្ទុះឡើងយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមករានេះថា គម្រោងមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងនេះ នឹងជួយដល់វិស័យភ័ស្តុភារកម្មនៅកម្ពុជា ក៏ដូចជាការជំរុញការនាំចេញនាំចូលនូវទំនិញ ជាពិសេសនឹងជួយឱ្យកម្ពុជាកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងកម្ពុជាបាន។

លោកបន្ថែមថា ការសាងសង់ទីតាំងមណ្ឌលភ័ស្តុភារកម្ម នៅខេត្តកំពត គឺជម្រើសដ៏ល្អ ហើយកម្ពុជាក៏ត្រូវការមជ្ឈមណ្ឌលនេះ នៅខេត្តមួយចំនួនទៀត។

លោកបានគូសបញ្ជាក់ថា «បើយើងបានមណ្ឌលភ័ស្តុភារកម្មមួយ ដែលធ្វើឡើងនៅកំពត កាន់តែមានសារៈសំខាន់ និងជួយជំរុញវិស័យនេះ ឱ្យកាន់តែមានដំណើរការល្អ និងរីកចម្រើនទៅទៀត ដោយហេតុថាសព្វថ្ងៃនេះ យើងមានដែរហើយនៅតំបន់ព្រំដែន ប៉ុន្តែរបៀបជាតំបន់សេដ្ឋកិច្ចពិសេស។ ហើយមណ្ឌលភស្តុ័ភារកម្មនេះ យើងត្រូវការច្រើនតទៅទៀតណាស់ បើតាមផែនការមេ ឥឡូវនេះបើមានបង្កើតនៅកំពត យើងនឹងអាចត្រូវការនៅតំបន់ផ្សេងទៀត នៅក្រុងព្រះសីហនុ ក៏ដូចជានៅភ្នំពេញ និងខេត្តកំពង់ចាម»

ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អំពីការអនុម័តឲ្យក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED វិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១,៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៩០កន្លែង។

លោក ឃុត សារឿន នាយកក្រុមហ៊ុន សារ ត្រេនស្ពត អ៊ិចប្រេស បានលើកឡើងថា ប្រសិនបើមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងនេះ មានប្រព័ន្ធដំណើរការល្អ នឹងធ្វើឱ្យប្រសើរឡើងដល់វិស័យដឹកជញ្ជូន ខណៈការធ្វើនៅទីតាំងខេត្តកំពត ក៏ជាទីតាំងមួយល្អ ដោយសារកប៉ាល់ដឹកជញ្ជូនទំនិញ ក៏ឆ្លងកាត់មាត់ព្រែកកំពតផងដែរ។ តែយ៉ាងណារង់ចាំមើលប្រព័ន្ធគ្រប់គ្រង ឬស្តង់ដារនៃមជ្ឈមណ្ឌលភស្តុភារកម្ម ដែលវិនិយោគដោយវិស័យឯកជនេះសិន៕