(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានសម្រេចវិនិយោគ២លានដុល្លារ លើមូលបត្របំណុល របស់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយលោក ឆារស៍ វ៉ាន់ ជាអគ្គនាយករង និងធនាគារវីង តំណាងដោយ លោក ហាន ប៉េងក្វាង អគ្គនាយក ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ និងអ្នកឧកញ៉ា គិត ម៉េង ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន CAIC បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ត្រូវនឹងទឹកប្រាក់សរុប ៣៩០លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគ រួចដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ។

សម្តេចតេជោបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ។

ធនាគារ វីង ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យ ដើម្បី ផ្តល់ឲ្យប្រជាជនកម្ពុជាគ្រប់រូប នូវភាពងាយស្រួលក្នុងការទទួលបាន សេវាកម្មហិរញ្ញវត្ថុ ដែលចាំបាច់ និងធ្វើឲ្យប្រសើរឡើង នូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ធនាគារវីង ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ នាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។

ផលិតផលទាំងនេះ រួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញ ធនាគារដែលអនុញ្ញាត ឲ្យប្រជាជនកម្ពុជាគ្រប់រូប ទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាពនៅពេលទទួលបាន សេវាកម្មហិរញ្ញវត្ថុ៕