(ប៉េកាំង)៖ ជើងហោះហើររវាងប្រទេសចិន និងសហរដ្ឋអាមេរិក ស្ថិតក្នុងហានិភ័យនៃការផ្អាកនៅខែក្រោយនេះ ខណៈដែលនិយ័តករចិនបានបន្តលុបចោលជើងហោះរហើរ ចូលក្នុងប្រទេសដោយសារករណីឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមកាសែត Global Times របស់ចិន។

នៅថ្ងៃសប្តាហ៍នេះ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) ដែលជានិយ័តករអាកាសចរណ៍ស៊ីវិលចិន បានប្រកាសពីការផ្អាកជើងហោះហើរចូលក្នុងប្រទេសចំនួន ៨ជើងបន្ថែមទៀតពីក្រុមហ៊ុនអាកាសចរណ៍អាមេរិកចំនួន៣។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការលុបជើងហោះហើរចុងក្រោយបំផុតនេះ បាននាំឱ្យជើងហោះហើរដែលត្រូវបានផ្អាកសរុបមានចំនួនរហូតដល់ទៅ ៨៤ជើងនៅឆ្នាំនេះ។

កាសែត Global Times បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ United Airlines នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការជើងហោះហើរចំនួន ៤ជើងពីទីក្រុង San Francisco ទៅកាន់ទីក្រុង Shanghai ឡើយចាប់ពីថ្ងៃទី២៤ ខែមករាតទៅ ហើយក្រុមហ៊ុន Delta Air Lines នឹងត្រូវលុបចោលជើងហោះហើរចំនួន ២ជើងពីទីក្រុង Seattle ទៅកាន់ទីក្រុង Shanghai ចាប់ពីសប្តាហ៍នៃថ្ងៃទី៣១ ខែមករាតទៅ។ លើសពីនេះទៀត ក្រុមហ៊ុន American Airlines (AA) នឹងត្រូវបង្ខំចិត្តផ្អាកជើងហោះហើរចំនួន ២ជើងពីទីក្រុង Dallas ទៅកាន់ទីក្រុង Shanghai ចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ។

លោក Curtis Blessing អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ AA បានប្រាប់កាសែត Global Times ថា៖ «ខ្ញុំអាចអះអាងថា ក្រុមហ៊ុន AA បានលុបចោលជើងហោះហើរសរុបចំនួន ១០ជើងរវាងទីក្រុង Dallas/Fort-Worth និងទីក្រុង Shanghai»។

ក្រុមហ៊ុនអាកាសចរណ៍ទាំងបីរបស់អាមេរិកនេះ បានប្រឈមរួចហើយទៅនឹងការលុបចោលជើងហោះហើរជាញឹកញាប់ក្នុងរយៈពេលពី ៤ ទៅ ៦សប្តាហ៍ ដោយសារការរកឃើញជំងឺកូវីដ-១៩នៅលើអ្នកដំណើរ។ លទ្ធភាពក៏អាចកើតមានផងដែរថា ក្រុមហ៊ុនអាកាសចរទាំងនេះអាចកាន់តែប្រឈម នឹងការផ្អាកជើងហោះហើរទាំងស្រុកនៅខែកុម្ភៈ។

វីរុសប្រភេទថ្មីអូមីក្រុង បានដាក់សម្ពាធកាន់តែខ្លាំងឡើងលើជើងហោះហើរចូលក្នុងប្រទេសចិន។

ចាប់ពីថ្ងៃទី១ ខែមករាមក រដ្ឋបាល CAAC បានលុបចោលជើងហោះហើរអន្តរជាតិមកកាន់ប្រទេសចិនជាង ១០០ជើង ដោយសារការនាំចូលជំងឺកូវីដ-១៩ ដែលធ្វើឱ្យការលុបចោលជើងហោះហើរសរុមានជាង ២០០ជើង។

យោងតាមគោលនយោបាយរបស់ CAAC ដែលបានធ្វើបច្ចុប្បន្នភាពនៅខែមេសា ឆ្នាំ២០២១ ប្រសិនបើចំនួនអ្នកដំណើររកឃើញវិជ្ជមានកូវីដចំនួន៥នាក់ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នោះនឹងត្រូវបានផ្អាករយៈពេល ២សប្តាហ៍។ ការផ្អាកនេះនឹងមានរហូតដល់ ៤សប្តាហ៍បើចំនួនអ្នកដំណើរមានវិជ្ជមានកូវីដកើនឡើងដល់ ១០នាក់។ នេះបើយោងតាមកាសែត Global Times៕