(តូក្យូ)៖ ទិន្នន័យបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ការនាំចេញ និងនាំចូលរបស់ប្រទេសជប៉ុននៅខែធ្នូ ឆ្នាំ២០២១ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានបើគិតជាតម្លៃប្រាក់យ៉េន ខណៈដែលបញ្ហាផ្គត់ផ្គង់បានធូរស្រាលនៅចុងឆ្នាំ២០២១ ក្នុងគ្រាដែលមានកំណើនតម្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទោះជាយ៉ាងណា កង្វះឧបករណ៍ពាក់កណ្តាលចម្លងដ៏រ៉ាំរ៉ៃនៅតែជាបញ្ហាឈឺក្បាលសម្រាប់ក្រុមហ៊ុនជប៉ុនដូចជាក្រុមហ៊ុនផលិតរថយន្ត Toyota ជាដើម ដែលបានកាត់បន្ថយទិសដៅផលិតកកម្មរយៈពេលខ្លីរបស់ខ្លួននៅសប្តាហ៍នេះ ខណៈដែលក៏មានភាពមិនប្រាដកប្រជាផងដែរជុំវិញវីរុសថ្មីអូមីក្រុង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន ថា ការនាំចេញបានកើនឡើង ១៧,៥ភាគរយនៅខែធ្នូ ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលខ្ពស់ជាងការរំពឹងទុករបស់ក្រុមសេដ្ឋវិទូក្នុងការស្ទង់មតិដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលថាមានកំណើន ១៦ភាគរយ ប៉ុន្តែស្ថិតនៅក្រោមកំណើន ២០,៥ភាគរយដែលសម្រេចបាននៅខែវិច្ឆិកា ឆ្នាំ២០២១។

បើគិតជាប្រាក់យ៉េន ការនាំចេញបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺ ៧.៨៨១,៤ប៊ីលានយ៉េន (៦៩ប៊ីលានដុល្លារ) ហើយកានាំចូលបានកើនឡើងដល់ ៨.៤៦៣,៨ប៊ីលានយ៉េន ដែលជាទំហំធំបំផុតគិតចាប់ពីមានការតាមដានទិន្នន័យចាប់ពីខែមករា ឆ្នាំ១៩៧៩មក។ កំណើននេះភាគច្រើនកើតឡើងដោយសារកំណើនអតិផរណាដែលជះឥទ្ធិពលដល់លំហូរនាំចេញ និងនាំចូល។

បើគិតជាតម្លៃ ការនាំចេញដែកបានកើនឡើង ៧៥,១ភាគរយនៅខែធ្នូ ឆ្នាំ២០២១ ធៀបនឹងខែធ្នូឆ្នាំ២០២០ ប៉ុន្តែបើគិតជាបរិមាណវិញ ការនាំចេញបានកើនឡើងតែ ១០,២ភាគរយប៉ុណ្ណោះ ដែលបង្ហាញថា ការកើនឡើងតម្លៃទំនិញបានជំរុញឱ្យទំនិញជប៉ុនដែលលក់នៅក្រៅប្រទេសឡើងថ្លៃ។

ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន បានកើនឡើង ១០,៨ភាគរយនៅខែធ្នូ ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ២២,១ភាគរយ ដោយការនាំចេញរថយន្តកើនឡើងជាលើកដំបូងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក្នុងរយៈពេល ៥ខែ ដោយមានកំណើន ១១,៩ភាគរយ។
ការនាំចូលបានកើនឡើង ៤១,១ភាគ ដោយសារការចំណាយលើថ្លៃវត្ថុធាតិដើមកាន់តែខ្ពស់ និងការធ្លាក់ថ្លៃប្រាក់យ៉េន ខណៈដែលមានការំពឹងទុកថានឹងមានកំណើនរហូតដល់ទៅ ៤២,៨ភាគរយ និងកំណើន ៤៣,៨ភាគរយនៅខែវិច្ឆិកា។ នេះ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕