(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវអនុសាសន៍ណែនាំ សំខាន់ៗចំនួន៩ចំណុច សម្រាប់អគ្គនាយកដ្ឋានពន្ធដារ បន្តអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្តប្រមូលចំណូលពន្ធ នៅក្នុងឆ្នាំ២០២២នេះ។

កិច្ចប្រជុំនេះ បានរៀបចំឡើងសាលប្រជុំសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រួមទាំងមានវត្តមានមន្ត្រីជាច្រើនរូបទៀតផងដែរ។

អនុសាសន៍ណែនាំសំខាន់០៩ចំណុច របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រួមមាន៖

* ទី១៖ លើកទឹកចិត្តអគ្គនាយកដ្ឋានពន្ធដារគិតគូរ និងលើកឡើងនូវអនុសាសន៍ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងគោលនយោបាយ ទាំងទិដ្ឋភាពចំណូល និងទិដ្ឋភាពនៃការលើកស្ទួយសង្គមនិងសេដ្ឋកិច្ច ដើម្បីឱ្យមានតុល្យភាពទៅនឹងការគ្រប់គ្រងចំណូល ហើយសូមលើកទឹកចិត្តឱ្យអគ្គនាយកដ្ឋានពន្ធដារដើរតួនាទីសកម្ម និងបុរេសកម្ម បន្ថែមលើតួនាទីប្រតិបត្តិករក្នុងការគ្រប់គ្រងប្រមូលចំណូល

* ទី២៖ បន្តការងារកែលម្អការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការវាយតម្លៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដោយពិនិត្យនិងទទួលយកនូវព័ត៌មានត្រឡប់ពីអ្នកជាប់ពន្ធ ដើម្បីកាត់បន្ថយនូវការរអ៊ូរទាំជាអតិបរមាពីអ្នកជាប់ពន្ធ

* ទី៣៖ បន្តរៀបចំនិងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពបន្ថែមទៀត ក្នុងន័យបង្ករភាពងាយស្រួល និងល្អប្រសើរបន្ថែមទៀតជូនអ្នកជាប់ពន្ធ និងជំរុញឱ្យសេវាសាធារណៈមានភាពប្រទាក់ក្រឡាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ

* ទី៤៖ បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌បង់ពន្ធ ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តបទប្បញ្ញត្តិថ្មីពាក់ព័ន្ធនឹងពន្ធដារ ជូនដល់មន្ត្រីអនុវត្តផ្ទាល់អ្នកជាប់ពន្ធ និងសាធារណជន ដើម្បីពន្យល់និងដោះស្រាយការលំបាកនិងចម្ងល់របស់ប្រជាពលរដ្ឋ

* ទី៥៖ បន្តពង្រឹងយន្តការគាំទ្រដោយបន្តរៀបចំប្រព័ន្ធពន្ធដារមួយដែលងាយស្រួលសម្រាប់អ្នកជាប់ពន្ធស្រួលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ប៉ុន្តែលំបាកគេចវេស មិនបង្កើតបញ្ហាអភិបាលកិច្ច ហើយសូមគាំទ្រចំពោះការអនុវត្តដោយម៉ឺងម៉ាត់លើកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិ អាល់កុល របស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) និងគាំទ្រចំពោះការបំពាក់ GPS និង RFID ដើម្បីពង្រឹងអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាព ហើយពិនិត្យនិងលើកទឹកចិត្តចំពោះសហគ្រាសដែលចូលរួមអនុវត្ត

* ទី៦៖ បន្តកិច្ចសហការ និងលើកកម្ពស់ការពិគ្រោះយោបល់ ជាមួយវិស័យពាក់ព័ន្ធ ក៏ដូចជាមតិយោបល់របស់សាធារណៈជន

* ទី៧៖ បន្តការងារពង្រឹងនិងកសាងសមត្ថភាពស្ថាប័ននិងមន្ត្រី ព្រមទាំងពង្រឹងនូវក្រមសីលធម៌ វិន័យ និងអកប្បកិរិយាក្នុងការបំពេញការងារ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការ បំពេញការងារនិងសេវាល្អជូនអ្នកជាប់ពន្ធបន្ថែមទៀត

* ទី៨៖ ពង្រឹងនិងពង្រីកកិច្ចសហការ ប្រទាក់ក្រឡាគ្នាជាមួយអង្គភាពនានាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងក្របខ័ណ្ឌអន្តរក្រសួង-ស្ថាប័ន ហើយសម្រួល និងបង្កបរិយាកាសល្អប្រសើរសម្រាប់ធុរៈកិច្ច និងសកម្មភាពអាជីវកម្ម

* ទី៩៖ គាំទ្រនិងជំរុញការបន្តការចរចាកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពន្ធនៃបណ្តាប្រទេសនានា និងបន្តលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការពន្ធដារអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃបរិការណ៍ជំងឺកូវីដ-១៩នេះ ដែលឆ្លុះបញ្ចាំងតាមរយៈលទ្ធផល នៃការកៀរគរចំណូល។ បើទោះជាមានការស្រកស្រុតបន្តិចបន្តួចក្នុងពេលជួបប្រឈមនឹងវិបត្តិ អគ្គនាយកដ្ឋានពន្ធដារតែងតែអនុវត្តបានល្អជាងការវាយតម្លៃប៉ាន់ស្មាន ជាក់ស្តែងចំណូលពន្ធ-អាករ សរុបក្នុងរយៈពលេ ១២ខែ ឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៤៣៣,៧៥ ប៊ីលានរៀល (ប្រមាណជា ១០៧,០៩ លានដុល្លារ) ស្មើនឹង -៣.៧១%។