(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាកររបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២២ ដោយលើកឡើងពីចក្ខុវិស័យមិនល្អសម្រាប់អាមេរិក និងប្រទេសចិនរួមជាមួយនឹងអតិផរណារ៉ាំរ៉ៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់ IMF ដែលបានចេញផ្សាយនៅថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៤,៤ភាគរយនៅឆ្នាំនេះ ដែលធ្លាក់ចុះពី ៤,៩ភាគរយដែលព្យាករនៅខែតុលា។ សម្រាប់ឆ្នាំ២០២៣ វិញ IMF ព្យាករថា សេដ្ឋកិច្ចនឹងកើនឡើង ៣,៨ភាគរយ ពោលគឺកើនឡើងបើធៀបនឹងការព្យាករកន្លងមក។

សហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក ត្រូវបានមូលនិធិ IMF ទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយសារចក្ខុវិស័យនៃគោលនយោបាយចំណាយរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Joe Biden និងដោយសារគោលនយោបាយវិស័យអចលនទ្រព្យរបស់ប្រទេសចិន។

IMF បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចពិភពលោកបានកើនឡើង ៥,៩ភាគរយកាលពីឆ្នាំ២០២១ ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍។ កំណើននេះកើតមានឡើង បន្ទាប់ពីបានធ្លាក់ចុះ ៣,១ភាគរយនៅឆ្នាំ២០២១ ដែលជាការធ្លាក់ចុះអាក្រក់បំផុតគិតចាប់ពីមានវិបត្តិហិរញ្ញវត្ថុកាលពីទសវត្សរ៍ឆ្នាំ១៩៣០មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕