(សិង្ហបុរី)៖ ក្រុមប្រក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី (EBD) បានឱ្យដឹងថា ប្រទេសសិង្ហបុរីទទួលបានការប្តេជ្ញាវិនិយោគទ្រព្យសកម្មថេរចំនួន ១១,៨ប៊ីលានដុល្លារសិង្ហបុរី (៨,៧៨ប៊ីលានដុល្លារអាមេរិក) នៅឆ្នាំ២០២១ ដែលរំពឹងថានឹងបង្កើតការងារបានជាង ១៧.០០០កន្លែងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នេះបើយោងតាមកាសែត Channel News Asia។

តូលេខនេះបានធ្លាក់ចុះខ្លាំងពីចំនួន ១៧,២ប៊ីលានដុល្លារសិង្ហបុរីដែលបានប្តេជ្ញាវិនិយោគក្នុងឆ្នាំ២០២០ ដែល EDB បានហៅថាជា «លទ្ធផលល្អឥតខ្ចោះ» មួយ ដែលខ្លួនមិនរំពឹងថានឹងទទួលបានម្តងទៀតនៅឆ្នាំ២០២១។

កាសែត Channel News Asia បានរាយការណ៍ថា តួលេខវិនិយោគទ្រព្យសកម្មថេរកាលពីឆ្នាំមុននេះមានភាពស្របគ្នាទៅនឹងគោដៅរបស់ EDB ដែលកំណត់ចន្លោះពី ៨ ទៅ ១០ប៊ីលានដុល្លារសិង្ហបុរីក្នុងមួយឆ្នាំក្នុងរយៈពេលមធ្យមទៅរយៈពេលវែង។

ការវិនិយោគទ្រព្យសកម្មថេរសំដៅលើការវិនិយោគមូលធនរបស់ក្រុមហ៊ុនទៅលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ និងគ្រឿងចក្ររបស់ខ្លួន។

នៅក្នុងរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃពុធ EDB បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដ៏ជោគជ័យ និងការបើកការធ្វើដំណើរឡើងវិញនៅឆមាសទី២ ឆ្នាំមុន បានផ្តល់ទំនុកចិត្តដល់ក្រុមហហ៊ុនឱ្យវិនិយោគ និងពង្រីកអាជីវកម្មនៅទីនេះ។

លោក Beh Swan Gin ប្រធាន EDB បានមានប្រសាសន៍ថា៖ «តួលេខប្តេជ្ញាវិនិយោគដ៏ខ្លាំងនៅឆ្នាំ២០២១ គឺជាការបង្ហាញពីកេរ្តិ៍ឈ្មោះរបស់សិង្ហបុរីថាជាមជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងជាទីតាំងចង្វាក់ផ្គត់ផ្គងល់ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនដែលមកធ្វើអាជីវកម្មនៅតំបន់អាស៊ី និងសម្រាប់ពិភពលោក»