(ភ្នំពេញ)៖ អ្នកឧកញ៉ា សុខ គង់ មហាសេដ្ឋីល្បីឈ្មោះដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេនគ្រុប បានបញ្ជាក់ឲ្យដឹងថា លោកចង់លក់សណ្ឋាគារសុខាភ្នំពេញ និងដីនៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ១៥០០លានដុល្លារ ដើម្បីយកទៅវិនិយោគបន្ថែម នៅរមណីយដ្ឋានបូកគោ និងសងបំណុលគេខ្លះ។
លោកបញ្ជាក់ថា បើទោះបីជាលោកចង់លក់ក៏ពិតមែន ប៉ុន្តែមិនទាន់មានក្រុមហ៊ុនណាចូលមកចរចា និងធ្វើកិច្ចសន្យាទិញនៅឡើយទេ។
ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា សុខ គង់ បានបញ្ជាក់យ៉ាងដូច្នេះថា «អត់មានអ្នកណាមកចរចា និងចង់ទិញ [សណ្ឋាគារសុខាភ្នំពេញ និងដីនៅតំបន់ជ្រោយចង្វារ] នោះទេ គ្រាន់តែកន្លងមកមានគេសួរខ្ញុំថា បើចង់លក់ លក់ប៉ុន្មាន? ខ្ញុំថាបើលក់ ខ្ញុំលក់១៥០០លានដុល្លារ ហើយបើលក់បាន ខ្ញុំយកថវិកាខ្លះទៅអភិវឌ្ឍន៍បន្ថែមនៅរមណីយដ្ឋានបូកគោ ព្រោះត្រូវការអភិវឌ្ឍន៍តំបន់ផ្សេងៗទៀត និងខ្លះទៀត យកសងបំណុលគេ»។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានយល់ព្រមចំណាយថវិកាក្នុងការសាងសង់ផ្លូវមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ ឡើងទៅលើភ្នំបូកគោ ប្រវែងប្រមាណ ២៧គីឡូម៉ែត្រ។ ផ្លូវ១ខ្សែថ្មីនេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាអ្នកធ្វើសម្បទានដី ដោយកាប់ចំការដូងប្រេងរបស់លោកមួយចំនួនធំផងដែរ៕