(ហ្សឺណែវ)៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃពុធបានផ្តល់ជ័យជម្នះមួយទៅឱ្យប្រទេសចិន ដែលអនុញ្ញាតឱ្យប្រទេសនេះដកហូតពន្ធគយតម្លៃ ៦៤៥លានដុល្លារលើទំនិញនាំចូលពីអាមេរិកក្នុងមួយឆ្នាំ នៅក្នុងជម្លោះពន្ធប្រឆាំងការលក់បង្ខូចថ្លៃជាយូរមកហើយជាមួយក្រុងវ៉ាស៊ីនតោន។នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សហរដ្ឋអាមេរិកដែលមិនអាចប្តឹងឧទ្ធរណ៍បានប្រឆាំងនឹងសេចក្តីសម្រេចនេះ បានហៅការសម្រេចនេះថាជា «ការខកចិត្តយ៉ាងខ្លាំង» និងបានឱ្យដឹងថា ខ្លួននៅតែទាមទារឱ្យមានការធ្វើកំណែទម្រង់ច្បាប់របស់អង្គការ WTO ដោយនិយាយថា ច្បាប់ទាំងនេះកំពុងត្រូវបានប្រើប្រាស់ដើម្បី «ការពារ» ប្រទេសចិន។

មជ្ឈិតកររបស់អង្គការ WTO បានសម្រេចថា៖ «ទាក់ទងនឹងជម្លោះរបស់គួភាគី និងភស្តុតាងនៅក្នុងកិច្ចដំណើរការនីតិវិធីទាំងនេះ យើងបានកំណត់ថា កម្រិតសមស្របគឺ ៦៤៥,១២លានដុល្លារក្នុងមួយឆ្នាំ»

ភ្លើងខៀវដែលផ្តល់ដោយអង្គការ WTO នេះ មិនមែនមានន័យថា ប្រទេសចិននឹងដកហូតពន្ធដោយស្វ័យប្រវត្តិទាំងស្រុង ឬមួយផ្នែកទៅលើទំនិញនាំចូលពីអាមេរិកឡើយ។

តួលេខនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីសម្រេចកម្រាស់ ៨៧ទំព័ររបស់មជ្ឈិតកររបស់អង្គការ WTO ស្តីពីកម្រិតនៃវិធានការប្រឆាំងតបត ដែលទីក្រុងប៉េកាំងអាចស្នើឡើងក្នុងជម្លោះរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងពន្ធលើទំនិញនាំចូលដែលទទួលបានធនឧបត្ថម្ភ (CVD) របស់អាមេរិកលើផលិតចិនមួយចំនួន។

ជម្លោះនេះបានកើតមានឡើងនៅឆ្នាំ២០១២ នៅពេលដែលអង្គការ WTO បង្កើតក្រុមការងារជំនាញមួយដើម្បីជំនុំជម្រះដោះស្រាយបណ្តឹងដែលប្តឹងដោយប្រទេសចិន​ជុំវិញអ្វីដែលប្រទេសនេះហៅថាជាការដកហូតពន្ធមិនយុត្តិធមដោយអាមេរិកលើទំនិញចិន។

ទីក្រុងវ៉ាស៊ីនតោនបានការពារការដកពន្ធបន្ថែមរបស់ខ្លួនទៅលើផលិតផលចិនដែលមានចាប់ពីម្រេចរហូតដល់កង់រថយន្ត និងផ្ទាំងសូឡា ដោយលើកឡើងថា ផលិតផលទាំងនោះត្រូវបានលក់បង្ខូចថ្លៃលើទីផ្សារ ដើម្បីជួយក្រុមហ៊ុនចិនឱ្យចាប់យកចំណែកទីផ្សារ។

ស្ថាប័នដោះស្រាយជម្លោះរបស់អង្គការ WTO បានសម្រេចឱ្យចិនឈ្នះ ហើយសេចក្តីសម្រេចនេះត្រូវបានតម្កល់ដោយសាលក្រមឧទ្ធរណ៍ក្នុងឆ្នាំ២០១៤ ដែលត្រួសត្រាយផ្លូវឱ្យប្រទេសចិនដកហូតពន្ធសងសឹកវិញ។

ដើមឡើយ ប្រទេសចិនបានស្នើសុំដកហូតពន្ធសងសឹកតម្លៃ ២,៤ប៊ីលានដុល្លារទៅលើទំនិញរបស់អាមេរិកក្នុងមួយឆ្នាំ តែក្រោយមកត្រូវបានកាត់បន្ថយមកនៅត្រឹម ៧៨៨,៧៥លានដុល្លារ។ សហរដ្ឋអាមេរិកបានលើកឡើងថា កម្រិតសមស្របគួតែមិនលើសពី ១០៦លានដុល្លារក្នុងមួយឆ្នាំឡើយ។ នេះបើយោងតាម AFP៕