(ភ្នំពេញ)៖ រយៈពេល២ខែ ដើមឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកុម្ភៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៧គម្រោង ក្រោមទុនវិនិយោគជិត២៤០០លានដុល្លារ។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះ បានបញ្ជាក់ទៀតថា រយៈពេល២ខែ ដើមឆ្នាំ២០២២នេះ កម្ពុជា បានអនុម័តគម្រោងវិនិយោគ លើវិស័យជាច្រើន នឹងអាចបង្កើតការងារ ជូនប្រជាពលរដ្ឋជាច្រើនម៉ឺនកន្លែងទៀតផង។
គម្រោងវិនិយោគទាំង៣៧គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបកកង់យានយន្ត និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថាការអនុម័តគម្រោងថ្មីនេះ ជាសញ្ញាមួយល្អ សម្រាប់ប្រទេសកម្ពុជា។ មិនត្រឹមប៉ុណ្ណឹងទេ ថ្នាលចុះក្រុមហ៊ុនថ្មីៗក៏កើនឡើងផងដែរ។
ឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «ឃើញថា ការចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ទទួលគម្រោងវិនិយោគ នៅតែមានការកើនឡើង។ មិនត្រឹមប៉ុណ្ណឹងទេ ថ្នាលចុះក្រុមហ៊ុនថ្មីៗ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឃើញថា មានការកើនឡើងផងដែរ។ ការកើនឡើងនេះ ឃើញថា ជាសញ្ញាមួយល្អ សម្រាប់ប្រទេសកម្ពុជា»។
ទន្ទឹមគ្នានេះ ឧកញ៉ា លឹម ហេង បានបង្ហាញនូវសុទិដ្ឋិនិយមថា ការអនុវត្តកិច្ចព្រមព្រៀង សេរីពាណិជ្ជកម្មកម្ពុជា-ចិន, កម្ពុជា-កូរ៉េ ក៏ដូចជាការអនុវត្ត នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ (RCEP) ទន្ទឹមពេលដែលកម្ពុជា នៅតែមាន EBA ក៏ដូចជា GSP ជាមួយសហគមន៍អឺរ៉ុប, អាមេរិក និង អង់គ្លេសផងនោះ លោកជឿថា ការវិនិយោគនៅតែមាន ការកើនឡើង។
ឧកញ៉ា លឹម ហេង បានឲ្យដឹងថា ទន្ទឹមពេលប្រទេសក្នុងតំបន់មួយចំនួន ដែលទទួលការអនុគ្រោះពន្ធ ដូចកម្ពុជាដែរនោះ កំពុងតែជួបវិបត្តិនយោបាយ ក៏ដូចជាការរីករាលដាលនៃជំងឺកូវីដ ធ្វើឲ្យការបញ្ជាទិញ ពីបណ្ដាប្រទេសទាំងនោះ ងាកមកកាន់កម្ពុជា ធ្វើឲ្យមានការបង្កើតរោងចក្រថ្មីៗទៀតនៅកម្ពុជា។
ជាមួយគ្នានេះ ឧកញ៉ា លឹម ហេង ក៏បានលើកឡើងពីជំងឺអូមីក្រុងផងដែរថា ប្រសិនជាជំងឺនេះ មានការរីករាលដាលខ្លាំង វានឹងប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្មរបស់កម្ពុជា ដោយសារកម្មករ ឬបុគ្គលិកឈឺច្រើន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកថា យើងទាំងអស់គ្នា ត្រូវតែអនុវត្តវិធានការ៣កុំ៣ការពារ។
ឧកញ៉ា លឹម ហេង បន្ដថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានចាក់វ៉ាក់សាំងទូទាំងប្រទេស ដែលអាចគ្រប់គ្រងសភាពការណ៍ កូវីដបាន និងបើកឲ្យដំណើរការសេដ្ឋកិច្ច លើគ្រប់វិស័យឡើងវិញ ហើយលោកជឿថា វិធានការចាក់វ៉ាក់សាំងនេះ សំខាន់ណាស់ ដូចសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វ៉ាក់សាំង គឺជាសេដ្ឋកិច្ច។
បន្ថែមពីនោះទៀត ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងបានទូទាំងប្រទេស និងការគ្រប់គ្រង ការរាតត្បាតជំងឺកូវីដបាននេះ នឹងធ្វើឲ្យអ្នកវិនិយោគពីបរទេស មានជំនឿចិត្ត ដែលកំពុងសម្លឹងឃើញកម្ពុជា ជាពិសេសខាងវិនិយោគចិន បានវិលត្រឡប់មកវិញជាបណ្ដើរៗ ហើយនឹងអាចមានគម្រោងវិនិយោគថ្មីៗបន្ថែមទៀត៕