(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំជំនួបពាណិជ្ជកម្មកម្ពុជា អាមេរិក ដែលធ្វើឡើងរវាងតំណាងសហគមន៍ធុរកិច្ចអាមេរិក ជាមួយនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី ០៩ ខែឧសភាឆ្នាំ ២០២២ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

នៅក្នុងពិធីនេះ ក៏មានរៀបចំបទអន្តរាគមន៍ ស្ដីពីបរិយាកាសធុរកិច្ច និងសេដ្ឋកិច្ចកម្ពុជាពីសំណាក់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដើម្បីបង្ហាញអំពីកាលានុវត្តភាពធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជូនដល់សហគមន៍ធុរកិច្ចអាមេរិកផងដែរ។

ជាមួយគ្នានេះ សហគមន៍ធុរកិច្ចអាមេរិក ក៏បានរៀបចំបទអន្តរាគមន៍ ស្ដីពីការលានុវត្តភាពធុរកិច្ច និងវិនិយោគសហរដ្ឋអាមេរិកផងដែរ ជូនដល់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងប្រាប់ដល់សហគមន៍ធុរកិច្ចអាមេរិក អំពីសក្តានុពលជាច្រើនដែលក្រុមហ៊ុនអាមេរិក អាចទៅវិនិយោគនៅកម្ពុជាបានបន្ថែម ឲ្យកាន់តែច្រើនទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បើកចំហរសេដ្ឋកិច្ចទទួលអ្នកវិនិយោគជាតិ និងអន្តរជាតិ។

អ្នកឧកញ៉ា ក៏បានប្រាប់ដល់សហគមន៍ធុរកិច្ចអាមេរិក អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការចាក់ស្រោចវ៉ាក់សាំងនៅកម្ពុជាបានជាង៩៣ភាគរយ ក្នុងចំនួនពលរដ្ឋសរុប១៦លាននាក់ ដែលជាសញ្ញាវិជ្ជមានល្អសំរាប់ការវិនិយោគនៅកម្ពុជា។

ក្រៅពីនេះអ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងអំពីកម្ពុជា បានធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួន ដែលជាឱកាសល្អសំរាប់អ្នកវិនិយោគក្នុងការនាំចេញទំនិញទៅកាន់ពិភពលោក ។

ជាមួយគ្នានេះ តំណាងសហគមន៍ធុរកិច្ចអាមេរិក ក៏បានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលបានដែលជាឱកាសដ៏ល្អសំរាប់វិនិយោគិន បានជួបប្រាស្រ័យទាក់ទងគ្នា ។ តំណាងសហគមន៍ធុរកិច្ចអាមេរិក ក៏បានថ្លែងនូវការចាប់អារម្មណ៍អំពីសក្តានុពលវិនិយោគនៅកម្ពុជា ព្រមទាំងមានបំណងសការជាមួយវិនិយោគិនកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។

គូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ចទៅកាន់សហរដ្ឋ អាមេរិក ចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ និងអមដំណើរសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាមេរិក អាស៊ាន និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមព្រឹតិ្តការណ៍ធុរកិច្ចនានា ក្នុងអំឡុងពេលនៃ កិច្ចប្រជុំកំពូលអាមេរិក អាស៊ាន និង រៀបចំកម្មវិធីជំរុញធុរកិច្ចរវាង ប្រទេសទាំងពីរ រួមមាន៖ ជំនួបពាណិជ្ជកម្ម កម្ពុជា-អាមេរិក នៅទីក្រុងញ៉ូវយ៉ក ដែលមានការចូលរួម ពីក្រុមហ៊ុន អាមេរិក នៅញូយ៉ក និងក្រុមហ៊ុនកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច សេដ្ឋកិច្ច និងសិក្សាលទ្ធភាពសហការគ្នា ទៅតាមវិស័យនីមួយៗ ព្រមទាំងនឹងជំនួបពាណិជ្ជកម្ម កម្ពុជា-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលនឹងមានការចូលរួមពីតំណាងសភាពាណិជ្ជ កម្មអាមេរិក ក្រុមប្រឹក្សាធុរកិច្ចអាមេរិក អាស៊ាន សមាគម អាជីវកម្មសិទ្ធិពិសេសអាមេរិក និង ក្រុមហ៊ុនអាមេរិក និងកម្ពុជាជាច្រើន៕