(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០២២នេះ អតិផរណារំពឹងថានឹងកើនឡើងចំនួន៤ភាគរយ ដោយសារកំណើនថ្លៃនៃម្ហូបអាហារ ប្រេងឥន្ធនៈ បណ្ដាលមកពីការរងឥទ្ធិពលពីសង្រ្គាមរុស្សី និងអ៊ុយក្រែន និងថ្លៃដឹកជញ្ជូន ស្របពេលដែលមានការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក។

នេះបើតាមលោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឲ្យដឹងក្នុងឱកាសអនុញ្ញាត ឱ្យក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់ IMF សម្រាប់កម្ពុជាជួបពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា។

លោក ស៊ុ សន្និសិទ្ធ បានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរជាលំដាប់ ដោយសាររាជរដ្ឋាភិបាលបានចាត់វិធានការ គ្រប់គ្រងបានទាន់ពេលវេលា ជាពិសេសការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ដល់ប្រជាជនបានជាង៩០ភាគរយ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយគាំទ្រនានា ដើម្បីទ្រទ្រង់ជីវភាពប្រជាជនដែលងាយរងគ្រោះ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។

លោកបានបញ្ជាក់ថា «កត្តាទាំងនេះនឹងធ្វើឱ្យកម្ពុជា សម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដោយនៅឆ្នាំ២០២២នេះកម្ពុជារំពឹងថា នឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងអត្រា៥,៣ភាគរយ ដែលគាំទ្រដោយកំណើនក្នុងវិស័យកម្មន្តសាល ៩,៦ភាគរយ, វិស័យសំណង់១,២ភាគរយ, វិស័យកសិកម្ម១,២ភាគរយ និងវិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមានកំណើនវិជ្ជមាន៦ភាគរយ បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងខ្លាំងកាលពី២ឆ្នាំមុន»។

លោកបានបន្ថែមថា «អតិផរណារំពឹងថា នឹងកើនឡើង៤ភាគរយ ដោយសារកំណើនថ្លៃនៃម្ហូបអាហារ ប្រេងឥន្ធនៈ បណ្ដាលមកពីឥទ្ធិពលសង្រ្គាមរុស្សី-អ៊ុយក្រែន និងថ្លៃដឹកជញ្ជូន ស្របពេលដែលមានការរអាក់រអួល នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក»។

លោកបានបន្ដថា ដោយឡែកប្រព័ន្ធធនាគារនៅកម្ពុជាបន្តមានស្ថិរភាព និងរក្សាបាននូវភាពធន់ ព្រមទាំងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទាន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ឥណទានគ្រឹះស្ថានធនាគារមានកំណើន២២,១ភាគរយ ដោយបានបែងចែកទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ច។

ក្នុងនោះផងដែរទេសាភិបាលរងបានថ្លែងអំណរគុណ ដល់ IMF ដែលបានគាំទ្រ ធនាគារជាតិនៃកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងការផ្តល់ជំនួយបច្ចេកទេស ទាំងរយៈពេលខ្លី និងវែង។ ក្នុងរយៈពេលកន្លងមកធនាគារជាតិនៃកម្ពុជា បានទទួលជំនួយបច្ចេកទេសលើ ការត្រួតពិនិត្យប្រព័ន្ធធនាគារ ស្ថិរភាពហិរញ្ញវត្ថុ និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។

ជារួមមកលោកទេសាភិបាលរង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួយបច្ចេកទេសរបស់ IMF កន្លងមក និងបានស្នើសុំ IMF បន្តផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រីជំនាញ និងជួយតាមដានលើវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សេដ្ឋកិច្ចកម្ពុជា ដើម្បីរួមចំណែកបន្តជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន៕