(កូឡាឡាំពួរ)៖ រដ្ឋមន្ត្រីក្រសួងទំនិញម៉ាឡេស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារថា ប្រទេសម៉ាឡេស៊ីកំពុងពិចារណាកាត់បន្ថយពន្ធលើការនាំចេញប្រេងដូង ដើម្បីជួយពេញតម្រូវការពិភពលោកក្នុងគ្រាដែលមានកង្វះខាតប្រេងដែលអាចបរិភោគបាននេះ។

លោកស្រី Zuraida Kamaruddin រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងទំនិញដំណាំ បានថ្លែងនៅក្នុងបទសម្ភាសមួយថា ក្រសួងរបស់លោកស្រីបានស្នើសុំការកាត់បន្ថយពន្ធនេះទៅក្រសួងហិរញ្ញវត្ថុរួចហើយ ដែលក្រសួងហិរញ្ញវត្ថុបានបង្កើតគណៈកម្មាធិការមួយដើម្បីពិនិត្យមើលព័ត៌មានលម្អិត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Zuraida ម៉ាឡេស៊ីដែលជាប្រទេសផលិតប្រេងដូងធំជាងគេទីពីរក្នុងពិភពលោក អាចកាត់បន្ថយពន្ធពីអត្រាបច្ចុប្បន្ន ៨% មកនៅត្រឹម ៤% ទៅ ៦% ហើយការកាត់បន្ថយនេះទំនងជាការកាត់បន្ថយបណ្តោះអាសន្ន ហើយការសម្រេចចិត្តអាចត្រូវបានធ្វើឡើងនៅដើមខែមិថុនា។

លោកស្រីបានមានប្រសាសន៍ថា៖ «ក្នុងអំឡុងពេលមានវិបត្តិនេះ ប្រហែលជាយើងអាចបន្ថូរបន្ថយបន្តិចដើម្បីឱ្យប្រេងដូងអាចនាំចេញបានច្រើន»

ប្រទេសម៉ាឡេស៊ីកំពុងសម្លឹងរកមើលការបង្កើនចំណែកទីផ្សារប្រេងដូងរបស់ខ្លួនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានបង្ករការអាក់ខានដល់ការនាំចេញប្រេងផ្កាឈូករ័ត្ន ហើយការហាមប្រាមការនាំចេញប្រេងដូងរបស់ឥណ្ឌូណេស៊ីបានរឹតបន្តឹងបន្ថែមទៀតដល់ការផ្គត់ផ្គង់ពិភពលោក។

ប្រេងដូងដែលត្រូវបានប្រើប្រាស់ក្នុងអ្វីគ្រប់យ៉ាងរាប់ចាប់ពីនំខេករហូតដល់ម្សៅ មានចំនួនជិត ៦០% នៃការនាំចេញប្រេងបន្លែទូទាំងពិភពលោក ហើយអវត្តមានការនាំចេញពីប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសផលិតប្រេងដូងធំជាងគេក្នុងពិភពលោក បានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ។

លោកស្រី Zuraida បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសនាំចូលបានស្នើឱ្យម៉ាឡេស៊ីកាត់បន្ថយពន្ធនាំចេញ ហើយប្រទេសមួយចំនួនទៀតដូចជាឥណ្ឌា អ៊ីរ៉ង់ និងបង់ក្លាដែស កំពុងស្នើរសុំឱ្យមានការដោះដូរពាណិជ្ជកម្ម៕