(ភ្នំពេញ)៖ នៅឆ្នាំ២០២១ ទំហំទឹកប្រាក់បុព្វលាភដុលក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា កើនដល់២៩៧លានដុល្លារអាមេរិក កើនឡើង៩ភាគរយ បើធៀបនឹងឆ្នាំ២០២០។
ជាមួយគ្នានេះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២២២នេះ បុព្វលាភក្នុងវិស័យនេះនឹងកើនឡើងជាង ១០ភាគរយ។
ការលើកឡើងរបស់លោក ប៊ូ ច័ន្ទភីរូ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីសិក្ខាសាលាណែនាំ ស្តីពី «ឯកសារបង្រៀនវគ្គបណ្តុះបណ្តាលមូលដ្ឋាន សម្រាប់ភ្នាក់ងារធានារ៉ាប់រង និងបុគ្គលិកលក់របស់ក្រុមហ៊ុនធានារ៉ាប់រង» រៀបចំឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ។
លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងថា «វិស័យធានារ៉ាបរងនៅតែរក្សាបានកំណើនល្អប្រសើរ ទោះបីជាកម្ពុជា ជួបប្រទះបញ្ហានៃការរីករាលដាល នៃជំងឺកូវីដ១៩ក្ដី ជាក់ស្ដែងឆ្នាំ២០២០ វិស័យធានារ៉ាប់រងកើនឡើង ៨ភាគរយ និងឆ្នាំ២០២១ កើនឡើងជាង ៩ភាគរយ ហើយសង្ឃឹមថា ឆ្នាំ២០២២នេះនឹងមានការកើនឡើងរហូតជាង ១០ភាគរយ»។
លោកបានបន្ដថា ទីផ្សារធានារ៉ាប់រងកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើនបុព្វលាភធានារ៉ាប់រង ប្រចាំឆ្នាំជាមធ្យម ១៨ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានទំហំតូចនៅឡើយធៀបនឹងទីផ្សារក្នុងតំបន់ ក្នុងនោះអត្រាភាគទានបុព្វលាភធានារ៉ាប់រង ក្នុងសេដ្ឋកិច្ចមានត្រឹម ១.១%ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ក្នុងពេលដែលការយល់ដឹងរបស់សាធារណជនអំពីសេវា និងផលប្រយោជន៍ធានារ៉ាប់រង នៅមានកម្រិតទាប ការលក់ធានារ៉ាប់រង គឺមិនត្រូវផ្តោតតែទៅលើការអូសទាញ ឬផ្សព្វផ្សាយបញ្ចុះបណ្ចូល ដូចការលក់ផលិតផលប្រើប្រាស់ទូទៅនោះទេ ប៉ុន្តែបុគ្គលិកជួរមុខត្រូវមានចំណេះដឹងធានារ៉ាប់រងច្បាស់លាស់ ដើម្បីអាចបញ្ចូលនូវគំនិតអប់រំអ្នកប្រើប្រាស់នៅក្នុងនោះផង ទើបអាចទាក់ទាញអតិថិជនឲ្យប្រើប្រាស់ធានារ៉ាប់រង ប្រកបដោយទំនុកចិត្តបានយូរអង្វែង។
តាមរយៈសិក្ខាសាលាថ្ងៃនេះ សិក្ខាកាមទាំងអស់ ដែលសុទ្ធតែជាគ្រូឧទេ្ទសនាម ប្រចាំក្រុមហ៊ុនធានារ៉ាប់រងនីមួយៗ នឹងយល់ជ្រួតជ្រាបដូចគ្នា ចំពោះខ្លឹមសារនៃឯកសារបង្រៀនរួមនេះ ដែលនឹងពង្រឹងគុណភាពនៃការបណ្តុះបណ្តាលភ្នាក់ងារធានារ៉ាប់រង និងបុគ្គលិកលក់របស់ក្រុមហ៊ុននីមួយៗ តាមកម្មវិធីសិក្សាច្បាស់លាស់។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងអំពីភាពចាំបាច់ ក្នុងការលើកកម្ពស់ចំណេះដឹង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈធានារ៉ាប់រង របស់បុគ្គលិកធានារ៉ាប់រង នៅតាមក្រុមហ៊ុនធានារ៉ាប់រងនីមួយៗ ជាពិសេសបុគ្គលិកជួរមុខ។
លោកបានឲ្យដឹងថា ភ្នាក់ងារធានារ៉ាប់រង និងបុគ្គលិកលក់ ដែលជាអ្នកមានទំនាក់ទំនង និងពន្យល់ណែនាំដោយផ្ទាល់ជាមួយអតិថិជន
ដូច្នេះការបំពាក់បំប៉នជំនាញវិជ្ជាជីវៈ ដល់បុគ្គលិកជួរមុខនឹងបង្កើនគុណភាពនៃការផ្តល់សេវារបស់ខ្លួន ជូនអតិថិជនបានកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព អាចផ្តល់ព័ត៌មានបានពេញលេញ និងងាយយល់ជូនអតិថិជនអំពីប្រភេទ លក្ខខណ្ឌនៃការធានារ៉ាប់រង តាមផលិតផលធានារ៉ាប់រងជាក់លាក់នីមួយៗ និងការណែនាំអតិថិជនជ្រើសរើសផលិតផលធានារ៉ាប់រងបានត្រឹមត្រូវ តាមតម្រូវការ សម្រាប់ការពារហានិភ័យពិតប្រាកដ។
សូមជម្រាបថា សមាគមធានារ៉ាប់រង បានរៀបចំឯកសារបង្រៀនវគ្គបណ្តុះបណ្តាលមូលដ្ឋាន សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងប្រើប្រាស់ ក្នុងការបណ្តុះបណ្តាលភ្នាក់ងារ និងបុគ្គលិកលក់ធានារ៉ាប់រងរបស់ខ្លួន ស្របតាមគោលការណ៍ណែនាំ ស្តីពី ការបណ្តុះបណ្តាលវិជ្ជាជីវៈភ្នាក់ងារ ដែលនិយ័តករធានារ៉ាប់រងកម្ពុជា បានដាក់ចេញកន្លងមក។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងផ្តល់មគ្គុទេស៍ អំពីខ្លឹមសារ និងរបៀបប្រើប្រាស់ឯកសារបង្រៀននេះ ជូនអ្នកចូលរួមដែលជាគ្រូឧទ្ទេសនាមប្រចាំក្រុមហ៊ុន ធានារ៉ាប់រងនីមួយៗ ដើម្បីប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងសង្គតិភាព ក្នុងការបង្រៀនភ្នាក់ងារធានារ៉ាប់រង និងបុគ្គលិកលក់របស់ខ្លួន៕