(វៀងចន្ទន៍)៖ ខេត្តនានានៅទូទាំងប្រទេសឡាវកំពុងរងការខ្វះខាតប្រេងឥន្ធនៈអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយចាប់ផ្តើមពីខេត្តហ្លួងណាំថា ដែលអស់ប្រេងឥន្ធនៈប្រើប្រាស់កាលពីចុងខែមីនា ខណៈស្ថានការណ៍កាន់តែអាក្រក់កើតមាននៅខេត្តប៉ាក់សេ និងសាវ៉ាន់ណាខែត មុននឹងប៉ះពាល់ដល់ដល់ទីក្រុងវៀងចន្ទន៍កាលពីរសៀលថ្ងៃចន្ទ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត Laotian Times។
កាសែត Laotian Times បានរាយការណ៍ថា អ្នកបើកបរស្ថិតនៅក្នុងជួរដ៏វែងដែលលាតសន្ធឹងរហូតទៅក្នុងផ្លូវធំៗ ខណៈដែលពួកគេដែលភ័យស្លន់ស្លោបានបើកឡានពីស្ថានីយប្រេងឥន្ធនៈមួយទៅស្ថានីយមួយទៀតក្នុងបំណងស្វែងរកប្រេងដោយអស់សង្ឃឹម។
ប្រឈមមុខនឹងការខាតបង់ដោយសាររូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះថ្លៃ និងកង្វះទុនបម្រុងបរទេស ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈគ្មានលទ្ធភាពបន្តទិញប្រេងបានទេ។ តាមពិត ក្រុមហ៊ុននាំចូលបានឱ្យដឹងថា ពួកគេអាចផ្គត់ផ្គង់បានតែ ២០% នៃបរិមាណតម្រូវការប្រេងឥន្ធនៈសរុបរបស់ប្រទេសឡាវប៉ុណ្ណោះ។
សេចក្តីរាយការណ៍នានាបានបង្ហាញថា ប្រទេសឡាវត្រូវការប្រេងប្រហែល ១២០លានលីត្រក្នុងមួយខែ ដោយបច្ចុប្ប្ននេះ ក្រុមហ៊ុននាំចូលអាចមានលទ្ធភាពនាំចូលតែប្រហែល ២០លានលីត្រប៉ុណ្ណោះ។
កាសែត Laotian Times បានរាយការណ៍ដោយដកស្រង់លិខិតមួយដែលចេញដោយក្រុមហ៊ុនប្រេងឥន្ធនៈរដ្ឋឡាវ ផ្ញើទៅកាន់ក្រុមហ៊ុនលក់រាយកាលពីថ្ងៃចន្ទ សង្រ្គាមនៅអ៊ុយក្រែន និងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យទីផ្សារប្រេងពិភពលោកមិនឋិតឋេរ។
ក្រុមហ៊ុនរដ្ឋឡាវនេះបានជូនដំណឹងដល់អ្នកលក់បន្តរបស់ខ្លួនដោយសោកស្ដាយថា វាបានឈានដល់ចំណុចមួយដែលក្រុមហ៊ុននេះ «លែងអាចបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួនបានទៀតហើយ»។
រដ្ឋាភិបាលឡាវបានព្យាយាមជាច្រើនដងដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈ ដោយរដ្ឋសភាជាតិឡាវបានយល់ព្រមកាត់បន្ថយពន្ធគយលើប្រេងឥន្ធនៈ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃចន្ទ ហើយក្រសួងហិរញ្ញវត្ថុព្យាយាមគ្រប់គ្រងអត្រាប្តូរប្រាក់។
ប៉ុន្តែជាមួយនឹងអតិផរណាដែលកើនឡើងខ្លាំង ការធ្លាក់ចុះខ្លាំងយ៉ាងឆាប់រហ័សនៃរូបិយប័ណ្ណក្នុងស្រុក និងការគ្មានទុនបម្រុងរូបិយប័ណ្ណបរទេស ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈនានា មិនប្រាកដថា តើពួកគេនឹងអាចបន្តការនាំចូលបានយូរប៉ុណ្ណានោះទេ។ នេះបើយោងតាមតាមកាសែត Laotian Times៕