(បាងកក)៖ កោះភូកេតមានបំណងទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ១លាននាក់ក្នុងត្រីមាសទី៤ ឆ្នាំនេះ និងចំនួនសរុប ៣,៥លាននាក់នៅឆ្នាំនេះ ខណៈដែលប្រតិបត្តិករទេសចរណ៍នៅលើកោះនេះមើលឃើញសញ្ញាវិជ្ជមានបន្ទាប់ពីមានការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរនាពេលថ្មីៗនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីលោក Bhummikitti Raktaengam ប្រធានសមាគមទេសចរណ៍កោះភូកេតថា ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងដល់ពី ៣ ទៅ ៥ពាន់នាក់ក្នុងមួយថ្ងៃចាប់តាំងពីថ្ងៃទី១ ខែឧសភាមក បើធៀបនឹង ៤០០ ទៅ ៥០០នាក់ក្នុងមួយថ្ងៃក្នុងអំឡុងកម្មវិធីទេសចរណ៍ Sandbox និង ២.៥០០នាក់ក្នុងមួយថ្ងៃស្ថិតក្រោមគម្រោង «Test & Go»។
អ្នកធ្វើដំណើរប្រហែល ៣២៨.០០៤នាក់បានទៅលេងកោះភូកេតក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំនេះ។
លោក Bhummikitti បានឱ្យដឹងថា ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏មានសក្ដានុពលមួយ ដោយសារវាបានរួមចំណែកដល់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរទៅទស្សនាកោះភូកេតច្រើនបំផុតក្នុងខែនេះ ដែលជាមធ្យមមាន ១.០០០នាក់ក្នុងមួយថ្ងៃ ដោយសារការហោះហើរត្រង់ទៅកាន់កោះនេះ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា ក្រុមភ្ញៀវទេសចរបរទេសដែលធ្វើដំណើរទៅកោះភូកេតច្រើនជាងគេទីពីរ គឺមកពីប្រទេសអូស្ត្រាលីដែលមានប្រហែល ១០.០០០នាក់ក្នុងខែមេសា។ ចំនួននេះត្រូវបានរំពឹងថានឹងកើនឡើងដល់ ១៥.០០០នាក់ក្នុងមួយខែ។ ទីផ្សារឈានមុខគេផ្សេងទៀតសម្រាប់កោះភូកេតគឺចក្រភពអង់គ្លេស សិង្ហបុរី ម៉ាឡេស៊ី និងអារ៉ាប៊ីសាអូឌីត។
សមាគមនេះព្យាករថា ចំនួនភ្ញៀវទេសចរដែលហោះហើរត្រង់ទៅកាន់កោះនេះនឹងមានចំនួនពី ៩.០០០ ទៅ ១០.០០០នាក់ក្នុងមួយថ្ងៃនៅចន្លោះខែតុលាដល់ខែធ្នូ ដោយសន្មតថា បើគ្មានការរំខានបន្ថែមទៀត។
លោក Bhummikitti មានប្រសាសន៍ថា៖ «ស្ថានភាពឆ្លងជំងឺមិនគួរជាមូលហេតុដែលបង្កឱ្យព្រួយបារម្ភដ៏ធំនោះទេ ប៉ុន្តែសូចនាករសេដ្ឋកិច្ចផ្សេងទៀតក្នុងអំឡុងត្រីមាសចុងក្រោយគួរតែត្រូវបានយកមកពិចារណា រួមទាំងអតិផរណា អត្រាប្តូរប្រាក់ និងតម្លៃប្រេង ដែលប៉ះពាល់ដល់ទាំងផ្នែកផ្គត់ផ្គង់ និងតម្រូវការ»។ លោកបន្តថា កោះនេះអាចទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣,៥លាននាក់ក្នុងឆ្នាំនេះ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ក្នុងឆ្នាំ២០១៩ មុនពេលមានការរីករាលដាលជំងឺកូវីដ-១៩ កោះភូកេតបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ១០លាននាក់ដែលក្នុងនោះ ៣លាននាក់មកពីប្រទេសចិន៕