(វ៉ាស៊ីនតោន)៖ បំណុលគ្រួសារនៅសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយគឺ ១៥,៨៤ទ្រីលានដុល្លារគិតត្រឹមត្រីមាសទី១ឆ្នាំនេះ ដែលជំរុញស្ទើរតែទាំងស្រុងដោយកំណើនសម្យតុលកម្ចីទិញផ្ទះ (Home loan) ចំនួន ២៥០ប៊ីលានដុល្លារ ខណៈដែលការផ្តល់កម្ចីថ្មីសម្រាប់ទិញអចលនទ្រព្យ (Mortgage loan) និងរថយន្តធ្លាក់ចុះបីត្រីមាសជាប់គ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍បំណុលគ្រួសារប្រចាំត្រីមាសរបស់ធនាគារកណ្តាលអាមេរិកប្រចាំទីក្រុងញូវយ៉កដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា បំណុលកម្ចីទិញអចលនទ្រព្យ (Mortgage loan) បានកើនឡើងដល់ ១១,១៨ទ្រីលានដុល្លារគិតត្រឹមដំណាច់ខែមីនា ដែលឥឡូវនេះមានចំនួនចំណែកស្មើនឹង ៧១% នៃបំណុលគ្រួសារសរុបដែលជាចំណែកខ្ពស់បំផុតក្នុងរយៈពេលប្រហែលមួយទសវត្សរ៍។
ប៉ុន្តែការផ្តល់កម្ចីថ្មី ទាំងសម្រាប់កម្ចីទិញផ្ទះ និងការផ្តល់ហិរញ្ញប្បទានជាថ្មីសម្រាប់កម្ចីទិញអចលនទ្រព្យដែលមានស្រាប់បានធ្លាក់ចុះ ១៧% មកត្រឹម ៨៥៩ប៊ីលានដុល្លារ ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០២០មក។ ទោះយ៉ាងណា ចំនួននេះនៅតែមានទំហំច្រើនជាងកម្រិតមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ នៅត្រីមាសទី៤ ឆ្នាំ២០១៩ ចំនួន ១០០ប៊ីលានដុល្លារ។
កម្ចីរថយន្តក៏បានធ្លាក់ចុះផងដែរ ដែលជាការធ្លាក់ចុះបីត្រីមាសជាប់គ្នាមកនៅត្រឹមចំនួន ១៧៧ពាន់លានដុល្លារ។ សមតុល្យកាតឥណទានបានថយចុះមកត្រឹម ៨៤១ប៊ីលានដុល្លារពី ៨៥៦ប៊ីលានដុល្លារ ហើយកម្ចីសិស្សបានកើនឡើងដល់ ១,៥៩ទ្រីលានដុល្លារពី ១,៥៨ទ្រីលានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕