(ភ្នំពេញ)៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ហៅកាត់ថា AFD បានសន្យាផ្តល់ហិរញ្ញប្បទានជាង ៣០០លានអឺរ៉ូ សម្រាប់គាំទ្រដល់គម្រោងអភិវឌ្ឍន៍លើវិស័យនានានៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ កិច្ចពិភាក្សាកម្រិតគោលនយោបាយលើកទី៥រវាងប្រទេសបារាំង និងកម្ពុជាត្រូវបានរៀបចំឡើង ដើម្បីពិនិត្យអំពីអាទិភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តនានា។

កិច្ចពិភាក្សានេះ ប្រទេសកម្ពុជាត្រូវបានតំណាងដោយគណៈប្រតិភូដឹកនាំដោយលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រីឯស្ថានទូតបារាំងតំណាងដោយលោកឯកអគ្គរដ្ឋទូត ហ្សាក់ ប៉ឺឡេ ហើយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)តំណាងដោយលោក យ៉ាស៊ីដ ប៊ែនសាអ៉ីដ នាយកប្រចាំអាស៊ីអាគ្នេយ៍ និងលោកស្រី អូហ្វេលី បួរីស នាយិកាប្រចាំកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំនេះមានការចូលរួមផងដែរពីដៃគូបច្ចេកទេសរបស់ទីភ្នាក់ងារ AFD មកពីក្រសួងស្ថាប័ននានា ហើយវាគឺជាឱកាសសម្រាប់ពង្រឹងភាពជាដៃគូយៈពេលវែងរវាងកម្ពុជា និងទីភ្នាក់ងារ AFD ក៏ដូចជាកំណត់ទិសដៅសំខាន់ៗនាពេលអនាគត។ កិច្ចពិភាក្សាបានផ្តោតទៅលើគម្រោងសម្រាប់ឆ្នាំ២០២២-២០២៤ ដែលមានទឹកប្រាក់ជាង ៣០០លានអឺរ៉ូ តាមការព្រមព្រៀងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារ AFD ហើយផ្តល់អាទិភាពទៅលើវិស័យទឹក និងអនាម័យ កសិកម្ម ការគ្រប់គ្រងធនធានទឹក ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយការប្តេជ្ញាចិត្តក្នុងការផ្តល់ហិរញ្ញប្បទានសម្បទាន និងហិញ្ញប្បទានឥតសំណងប្រចាំឆ្នាំជាង ១០០លានអឺរ៉ូ ទីភ្នាក់ងារ AFD គូសបញ្ជាក់សារជាថ្មីពីការគាំទ្ររបស់ខ្លួនដល់កំណើនប្រកបដោយបរិយាប័ន្ន និងចីរភាពសម្រាប់ប្រទេសកម្ពុជា។

ទីភ្នាក់ងារ AFD ក៏បានគូសបញ្ជាក់សារជាថ្មីផងដែរអំពីការផ្តល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងបណ្តាគម្រោងមានស្រាប់ និងគម្រោងអនាគត។

លោកស្រី អូហ្វេលី បួរីស នាយិកា AFD ប្រចាំកម្ពុជា បានលើកឡើងថា «ទីភ្នាក់ងារ AFD គាំទ្រការលើកកម្ពស់ការរីកចម្រើនប្រកបដោយចីរភាព តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធមានគុណភាព ការពង្រឹងភាពធន់របស់ដីទៅនឹងការប្រែប្រួលអាកាសធាតុ និងកំណើនប្រកបដោយបរិយាប័ន្ន។ ជាមួយគម្រោង ៧៥ភាគរយ ដែលមានអត្ថប្រយោជន៍ដល់អាកាសធាតុ ទីភ្នាក់ងារ AFD ប្រឹងប្រែងឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដាក់បញ្ចូលការយកចិត្តទុកដាក់អំពីអាកាសធាតុនៅក្នុងយុទ្ធសាស្ត្ររួមរបស់យើង»

នៅក្នុងន័យនេះ កិច្ចព្រមព្រៀងមួយស្តីពីហិរញ្ញប្បទានឥតសំណងដែលមានគោលដៅកែលម្អគុណភាពខ្យល់ ត្រូវបានចុះហត្ថលេខានៅសប្តាហ៍នេះរវាងក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារ AFD។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងកម្រិតអាស៊ាន ជាមួយហិរញ្ញប្បទានឥតសំណងចំនួន ៥.៥លានអឺរ៉ូ ផ្តល់ដោយទីភ្នាក់ងារ AFD ក្នុងក្របខ័ណ្ឌនៃអន្តរាគមន៍របស់ខ្លួន។

កម្មវិធីនេះនឹងរួមចំណែកបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងអំពីគុណភាពខ្យល់ ក៏ដូចជាការតាមដានកាន់តែប្រសើរឡើងនៃគុណភាពខ្យល់នៅលើទឹកដីនៃប្រទេសអាស៊ាន ព្រមទាំងពង្រឹងសមត្ថភាពនៅតាមមូលដ្ឋាន និងរៀបចំគម្រោង កម្មវិធី ឬកម្ចីសាធារណៈនានា ដែលអាចនាំទៅដល់ការកាត់បន្ថយការបំពុលបរិយាកាស។

សូមបញ្ជាក់ថា ទីភ្នាក់ងារ AFD គឺជាស្ថាប័នមួយនៅក្នុងក្រុម AFD ដែលជាអ្នកអនុវត្តគោលនយោបាយរបស់ប្រទេសបារាំងនៅក្នុងវិស័យអភិវឌ្ឍន៍ និងសាមគ្គីភាពអន្តជាតិ។ ទីភ្នាក់ងារ AFD ផ្តល់ជំនួយដល់វិស័យសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាល ហើយគាំទ្រដល់ការងារស្រាវជ្រាវ ការបោះពុម្ព និងការបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ។ល។ ជារួមទីភ្នាក់ងារ AFD ផ្តល់ហិញ្ញប្បទាន ជួយជ្រោមជ្រែង និងលើកកម្ពស់ការផ្លាស់ប្តូរទៅកាន់ពិភពលោកមួយ ដែលកាន់តែមានភាពត្រឹមត្រូវ និងមានភាពធន់។

ជាមួយដៃគូរបស់ខ្លួន ទីភ្នាក់ងារ AFD ស្វែងរកដំណោះស្រាយប្រកបដោយការចែករំលែកជាមួយ និងសម្រាប់ប្រជាពលរដ្ឋភាគខាងត្បូង។ ក្រុមការងាររបស់ទីភ្នាក់ងារ AFD បំពេញការងារលើគម្រោងជាង ៤,០០០ នៅក្នុង ១១៥ប្រទេស និងដែនដីដែលមានវិបត្តិ សម្រាប់សម្បត្តិរួម ពោលគឺអាកាសធាតុ សន្តិភាព សមភាពយែនឌ័រ វិស័យអប់រំ និងសុខាភិបាល។ តាមរយៈនេះ AFD ចូលរួមព្រឹងការប្តេជ្ញាចិត្តរបស់ប្រទេស និងប្រជាជនបារាំង ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ពិភពរួមគ្នាមួយ៕