(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានទទួលជួប លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីពិភាក្សាការងារដោះស្រាយរាល់កង្វល់ និងបញ្ហាប្រឈមផ្នែកពន្ធដារ។
ក្នុងឱកាសនោះ លោក គង់ វិបុល បានថ្លែងស្វាគមន៍ចំពោះវត្តមានរបស់ប្រធានសមាគម និងក្រុមការងារទាំងអស់ ព្រមទាំងបានថ្លែងកោតសរសើរ ចំពោះវត្តមាន នៃរោងចក្រទាំងអស់ ដែលបានដាក់ទុនវិនិយោគក្នុងវិស័យនេះ និងចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ច ហើយតែងតែផ្តល់កិច្ចសហការពិភាក្សា និងស្វែងរកដំណោះស្រាយ។
លោកឧកញ៉ាប្រធានសមាគមបានបញ្ជាក់ថា គិតមកទល់នឹងពេលបច្ចុប្បន្ន សមាគម GMAC មានសហគ្រាស រោងចក្រ ជាសមាជិកសរុបចំនួន ៦១៧ ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤៦៣ រោងចក្រស្បែកជើងចំនួន ១២ រោងចក្រកាបូបចំនួន ៩១ ក្រុមហ៊ុនម៉ៅការ បន្តចំនួន ០៦ រោងចក្រផលិតផលិតផលមិនមែនកាត់ដេរចំនួន៣០ និងក្រុមហ៊ុនផ្សេងៗចំនួន ១៥ ដែលកំពុងមានសកម្មភាពអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ្លឹមសារកិច្ចពិភាក្សាការងារសំខាន់ៗ៖
* អគ្គនាយកដ្ឋានពន្ធដារ បាននិងបន្តពង្រឹងការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់ និង ទំនើបកម្មរដ្ឋបាលសារពើពន្ធ និងពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈការរៀបចំកម្មវិធីរៀនអំពីពន្ធដារតាមអនឡាញ (Tax Education) កិច្ចប្រជុំ សិក្ខាសាលាគេហទំព័រ ទំព័រទំនាក់ទំនងសង្គម និងការផ្សាយផ្ទាល់ តាមអនឡាញជាពិសេសការរៀបចំកម្មវិធី «ពន្ធដារកម្ពុជា» ដោយមានការជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់តាម ប្រព័ន្ធបណ្តាញសង្គម GDT Facebook Live, សេវាឆ្លើយតបតាមប្រព័ន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម
* អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធថ្មី ក្នុងគោលដៅឲ្យច្បាប់ ស្តីពីសារពើពន្ធថ្មីនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា ឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក ក៏ដូចជាប្រមូលផ្ដុំ នូវច្បាប់ស្តីពីសារពើពន្ធ ដែលកន្លងមកមានលក្ខណៈ ដាច់ដោយឡែកៗពីគ្នា ហើយសេចក្តីព្រាងថ្មីនេះ គឺដើម្បីឲ្យមានសង្គតិភាព ជាមួយនឹងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា។
* អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហរផ្តល់សេវាជូនអ្នកជាប់ពន្ធប្រកបដោយគុណភាពខ្ពស់ ក្នុងនោះ ពង្រឹងការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងតាមអនឡាញ រួមមាន ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing និង Tol E-Filing), បង់ប្រាក់ពន្ធតាមអនឡាញ (E-Payment System) ដែលមានលក្ខណៈពេញលេញ ជួយសម្រួល និងផ្តល់លទ្ធភាពឲ្យអ្នកជាប់ពន្ធដាក់លិខិតប្រកាសតាមអនឡាញបានយ៉ាងរលូន ចំណេញពេលវេលា មានតម្លាភាពខ្ពស់ព្រមទាំងពង្រឹងប្រសិទ្ធភាពក្នុងការប្រមូលចំណូលពន្ធ ជាការឆ្លើយតបនឹងសំណើរបស់សមាគម GMAC ពាក់ព័ន្ធ នឹងការបង្វិលសងអាករលើតម្លៃបន្ថែម (VAT Refund) លោក គង់ វិបុល បានបញ្ជាក់ថា ចាប់តាំងពីអគ្គនាយកដ្ឋានពន្ធដារបានរៀបចំប្រព័ន្ធ E-VAT ដែលបច្ចុប្បន្នជាប្រព័ន្ធប្រកាសពន្ធតាម ប្រព័ន្ធអនឡាញ E-Filing អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងពង្រឹងការធ្វើ Cross Check ព្រមទាំងជំរុញ និងអនុវត្តកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត នូវការបង្វិលសងអាករលើតម្លៃបន្ថែមសម្រាប់រយៈពេល ០២ ឆ្នាំចុងក្រោយនេះ ស្របតាមខ្លឹមសារនៃប្រកាសលេខ៥៧៦ សហវ.ប្រក ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីយន្តការបង្វិលសងអាករលើតម្លៃបន្ថែម។
ដោយឡែក ចំពោះសំណើសុំបង្វិលសង ដែលមានអាយុកាលលើសពី២ឆ្នាំ ដែលករណីខ្លះ រហូតដល់៥ឆ្នាំ អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងអំពីបញ្ហាប្រឈមត្រង់ថាវិក្កយបត្រ ដែលស្នើសុំកាត់កងចេញដោយសហគ្រាសជាអ្នកផ្គត់ផ្គង់ទាំងឡាយនោះ ពុំបានមកប្រកាស និងបង់ប្រាក់ពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារ ខណៈសហគ្រាសផ្គត់ផ្គង់ខ្លះបានបិទទ្វារខ្លះលែងមានសកម្មភាព និងខ្លះទៀតបានបាត់ខ្លួន។ តើឲ្យអគ្គនាយកដ្ឋានពន្ធដារយកថវិកាឯណាមកបង្វិលសង? តើហេតុអ្វីបានជាសហគ្រាសមិនមក ស្នើសុំបង្វិលសងភ្លាមៗ បែរជាត្រូវទុកចោលរាប់ឆ្នាំ? តើគួរឲ្យអគ្គនាយកដ្ឋានពន្ធដារ ចុះទៅធ្វើសវនកម្មបកត្រឡប់ថយក្រោយរាប់សិបឆ្នាំវិញ ឬយ៉ាងណា?
លោកឧកញ៉ាប្រធានសមាគម បានទទួលស្គាល់អំពី ចំណុចឆកល្វែង និងកង្វះខាតរបស់សហគ្រាស រោងចក្រ ជាសមាជិកសមាគម GMAC ហើយបានគាំទ្រ ឯកភាពនូវដំណោះស្រាយរបស់អគ្គនាយកដ្ឋានពន្ធដារ ចំពោះការបង្វិលសងអាករលើតម្លៃបន្ថែម ចំពោះរយៈពេល មិនលើសពី២ឆ្នាំថយក្រោយ ហើយជំរុញឲ្យសមាជិក ទាំងអស់សហការការងារនេះ ជាមួយអគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ នឹងផ្តល់កិច្ចសហការគាំទ្រការផ្តល់សេវាជូនអ្នកជាប់ពន្ធ ពង្រឹងការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជូនសមាគម ដោយស្នើសហគ្រាសរោងចក្របញ្ជូន អ្នកមកចូលរួមជាអ្នកគ្រប់គ្រងផ្ទាល់ ឬអ្នកអនុវត្តពាក់ព័ន្ធផ្ទាល់ដោយចៀសវាងការបញ្ជូនអ្នកតំណាងអគ្គនាយកដ្ឋានពន្ធដារ ជំរុញឲ្យសហគ្រាស រោងចក្រទាំងឡាយជាសមាជិកសមាគម GMAC ចូលរួមសហការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ម្ចាស់សហគ្រាស/ម្ចាស់ភាគហ៊ុន ដើម្បីផ្តល់លទ្ធភាពឲ្យអគ្គនាយកដ្ឋានពន្ធដារ អាចផ្តល់សេវាជូន អ្នកជាប់ពន្ធឲ្យបានកាន់តែប្រសើរឡើង និងផ្តល់ជូនបច្ចុប្បន្នភាពនិងវឌ្ឍនភាពថ្មីៗអំពីពន្ធដារ ក៏ដូចជាប្រើប្រាស់នូវប្រព័ន្ធថ្មីៗ របស់ពន្ធដារបានគ្រប់ជ្រុងជ្រោយ៕