(ភ្នំពេញ)៖ ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងមានភាគទុនិករឹងមាំពីប្រទេសកូរ៉េ គឺធនាគារ KB Kookmin Bank នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសឲ្យដឹងថា ខ្លួនបានដំឡើងដើមទុនចុះបញ្ជីរហូតដល់៤០០លានដុល្លារ ក្នុងកិច្ចខិតខំប្រឹងប្រែងត្រៀមខ្លួនកម្លាយពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជដ៏ធំពង្រីកសម្ពៀតឥណទាន និងប្រតិបត្តិការអាជីវកម្ម និងកសាងភាពខ្លាំងរឹងមាំ ដើម្បីបម្រើអតិថិជនដាក់ប្រាក់បញ្ញើ និងសាធារណជនឱ្យកាន់តែប្រសើរ។
លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិប្រាសាក់ បានឲ្យដឹងថា ប្រាសាក់ បានធ្វើវិសោធនកម្មលក្ខន្តិកៈក្រុមហ៊ុន ដើម្បីដំឡើងដើមទុនចុះបញ្ជីពី ៣០០លានដុល្លារអាមេរិក ដល់៤០០លានដុល្លារអាមេរិក។ ការដំឡើងដើមទុននេះនឹងជួយ ដល់យុទ្ធសាស្ត្រកំណើនរបស់គ្រឹះស្ថាន និងពង្រឹងជំហរនៅក្នុងទីផ្សារ លើសពីនេះក៏នឹងជួយពង្រីកការផ្ដល់សេវាឱ្យកាន់តែទូលំទូលាយ និងធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុជាពិសេសគឺផ្នែកឌីជីថល។
លោកបានបន្ថែមថា «យើងពិតជារីករាយ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចំពោះការអនុម័ត និងទទួលស្គាល់ការដំឡើងដើមទុននេះ»។
នៅដំណាច់ត្រីមាសទី១ ឆ្នាំ២០២២ ប្រាសាក់ មានទ្រព្យសកម្មសរុបចំនួន៤.៥ប៊ីលានដុល្លារអាមេរិក កើនឡើង២១.៣ភាគរយ បើប្រៀបធៀបនឹងត្រីមាសដូចគ្នា ក្នុងឆ្នាំ២០២១។ សមតុល្យប្រាក់បញ្ញើបានកើនឡើងដល់២.៧ប៊ីលានដុល្លារអាមេរិក ហើយសម្ពៀតឥណទានសរុបមានចំនួន៤.០ប៊ីលានដុល្លារអាមេរិក៕