(ភ្នំពេញ)៖ រយៈពេល៤ខែដើមឆ្នាំ២០២២នេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ១៧.៦ពាន់លានដុល្លារ កើនឡើងជាង ២.៣ពាន់លានដុល្លារ ធៀបនឹង៤ខែឆ្នាំ២០២១ ក្នុងនោះការនាំចេញមានទឹកប្រាក់ ៧.៦ពាន់លានដុល្លារ កើនឡើង៣២.១% និងការនាំចូលមានទឹកប្រាក់ ១០ពាន់លានដុល្លារ កើនឡើង៥.៤%។ នេះបើយោងតាមការទិន្នន័យ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា កម្ពុជាបាននាំចេញនាំចូលទំនិញ ពីខែមករាដល់ខែមេសា ក្នុងទំហំទឹកប្រាក់សរុប ១៧ ៦៤៩លានដុល្លារ កើនឡើងជាង២.៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួន ១៥ ២៨៤លានដុល្លារ។
ក្នុងរយៈពេល៤ខែនេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃ ៧ ៦០៦លានដុល្លារ កើន៣២.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានត្រឹម ៥.៧ពាន់លានដុល្លារប៉ុណ្ណោះ និងនាំចូលមកវិញមានតម្លៃ ១០ ០៤៣ លានដុល្លារកើនឡើង ៥.៤%។

កម្ពុជាបាននាំចេញទំនិញទៅអាមេរិកក្នុងតម្លៃ ២.៩ពាន់លានដុល្លារ កើនឡើង៥៣.៦%, វៀតណាម៩៧៧លានដុល្លារ កើនឡើង ៥%, ចិន ៤២៣ លានដុល្លារ ថយចុះ០.១%។

ទំនិញសំខាន់ដែលកម្ពុជា បាននាំចេញរួមមាន សម្លៀកបំពាក់ក្នងតម្លៃជាង ២.៨ពាន់លានដុល្លារ កើនឡើងជាង ៦០០លានដុល្លារអាមេរិក, ស្បែកជើងចំនួន ៥៧០លានដុល្លារ កើនឡើង ៣៧.៩% , វត្ថុធ្វើពីស្បែក និងរោមសត្វតម្លៃ ៦៧២លានដុល្លារ កើនឡើង ៥៤.៤%, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ៥០៤លានដុល្លារ កើនឡើង៥៧.១%, ផ្លែឈើ ៣៤៩លានដុល្លារ កើនឡើង ២០.៥%, ធញ្ញជាតិ ៤៩៥លានដុល្លារថយចុះ៦.២%, យាន ក្រៅពីអយស្ម័យយាន ៣៣៥ លានដុល្លារ កើនឡើង ៥៩.៩% ,គ្រឿងសង្ហារឹម ២៣០ កើនឡើង៥៧.៧% ,វត្ថុធាតុប្លាស្ទីក ១៥៨លានដុល្លារ កើនឡើង២៨.៥%, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ១៤៩លានដុល្លារ កើនឡើង១៦.៥%, ឈើ និងធ្យូងឈើ ១១៥លានដុល្លារ កើនឡើង១៤.៥%, បន្លែ ២៤៥លានដុល្លារ កើនឡើង៣៣.៥%, គុជខ្យង និងត្បូងមានតម្លៃ១១៤លានដុល្លារ កើនឡើង១ ៧៤២% រួមនឹងផលិតផលមួយចំនួនទៀត ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែឧសភានេះ បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា ឲ្យដឹងថា នេះគឺជាមោទនភាពមួយ ដែលកម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាង ១៧ពាន់លានដុល្លារ ទទួលបានកំណើន២.៣ពាន់លានដុល្លារ។ តែយ៉ាងណាកម្ពុជា ត្រូវតែរៀបចំខ្លួន បង្កើនការនាំចេញបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម នៅលើទីផ្សារអន្តរជាតិ និងការហូរចេញនៃរូបបិយប័ណ្ណបរទេស។

លោកកត់សម្គាល់ ផលិតផលកសិផលរបស់កម្ពុជា ដូចជាស្វាយ ចេក ដំឡូងជាដើម មានការនាំចេញធ្លាក់ចុះ។ ដូច្នេះកម្ពុជាគួរតែពង្រឹងទៅលើទំនិញកសិកម្ម សំដៅជំរុញកំណើននាំចេញតាមរយៈកិច្ចព្រមព្រៀងផ្សេងៗ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន កិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត។

លោកបន្ថែមថា «យើងផ្នែកទៅលើគោលការណ៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀតដែលជាលក្ខណៈទ្វេភាគី កម្ពុជាត្រូវតែពង្រឹងបន្ថែមទៀត ទៅលើការផលិតទំនិញកសិកម្មរបស់ខ្លួន រួមទាំងស្រូវអង្ករ បើសិនជាយើងអត់បានយកចិត្តទុកដាក់មែនទែន អតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជានៅតែមានកម្រិតទាប»