(ម៉ូស្គូ)៖ សេដ្ឋវិទូនៅធនាគារអភិវឌ្ឍន៍រដ្ឋ VEB របស់ប្រទេសរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរុស្ស៊ីដែលរងការវាយប្រហារយ៉ាងខ្លាំងដោយសារទណ្ឌកម្មរបស់ប្រទេសលោកខាងលិចដែលមិនធ្លាប់មានពីមុនមកនោះ នៅតែមានភាពធន់ ប៉ុន្តែត្រូវបង្កើនការនាំចូល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សេដ្ឋកិច្ចរុស្ស៊ីដែលពឹងផ្អែកលើធនធានធម្មជាតិ កំពុងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចក្នុងគ្រាដែលមានអតិផរណាពីរខ្ទង់បន្ទាប់ពីប្រទេសនេះបានបញ្ជូនទាហានចូលលុកលុយប្រទេសអ៊ុយក្រែន ដែលបង្កឱ្យមានការដាក់ទណ្ឌកម្មយ៉ាងខ្លាំងពីប្រទេសលោកខាងលិចដែលធ្វើឱ្យសេដ្ឋកិច្ចនិងវិស័យហិរញ្ញវត្ថុរបស់ប្រទេសនេះឯកោ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចេញផ្សាយដោយធនាគារ VEB ថា ក្រុមសេដ្ឋវិទូរបស់ធនាគារនេះបានលើកឡើងថា ប្រទេសរុស្ស៊ីត្រូវការបង្កើនឱ្យបានច្រើននូវការ «ការនាំចូលទំនិញសំខាន់ៗ ក៏ដូចជាការនាំចូលទំនិញដែលចាំបាច់សម្រាប់ការធ្វើទំនើបកម្មសេដ្ឋកិច្ច និងបង្កើនឯករាជ្យភាពផ្នែកបច្ចេកវិទ្យា និងផលិតកម្មរបស់ខ្លួន រួមជាមួយនឹងការបង្កើនការវិនិយោគក្នុងការទិញទ្រព្យសម្បត្តិបរទេសចាំបាច់»

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរុស្ស៊ីបាននិយាយកាលពីសប្តាហ៍មុនថា បញ្ហាប្រឈមចម្បងដែលសេដ្ឋកិច្ចរុស្ស៊ីកំពុងប្រឈមគឺការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងការធ្លាក់ចុះការនាំចូលយ៉ាងខ្លាំង។

លោក Evgeny Suvorov ដែលជាអ្នកវិភាគនៅធនាការ CentroCreditBank បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការនាំចូលរបស់រុស្ស៊ីអាចធ្លាក់ចុះពី ៧០-៨០% នៅក្នុងខែមេសា។

លោក Suvorov បានថ្លែងថា៖ «ទំហំនៃភាពឯកោរបស់រុស្ស៊ីគឺគួរឱ្យភ្ញាក់ផ្អើលណាស់។ ហើយវាអាចមានផលវិបាកធ្ងន់ធ្ងរ»