(ទីក្រុងបាលី, ប្រទេសឥណ្ឌូនេស៊ី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Aung Naing Oo រដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេស និងសហការី នៅសណ្ឋាគារ AYANA Resort & Spa នៃទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានបញ្ចប់ដោយជោគជ័យ និងផ្លែផ្កា នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះលោក AUNG NAING OO ដែលបានផ្តួចផ្តើមរៀបចំកិច្ចពិភាក្សានេះ និងបានគាំទ្រកម្ពុជា ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២។

លោករដ្ឋមន្រ្តីបន្តថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌតំបន់ និងទ្វេភាគី សំដៅលើកម្ពស់ទំហំពាណិជ្ជកម្ម និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានេះ លោក Aung Naing Oo បានថ្លែងកោតសរសើរកម្ពុជាពីភាពជោគជ័យ ក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ នាពេលថ្មីៗនេះ។

ទន្ទឹមនឹងនេះ លោកបានជម្រាបពីវឌ្ឍនភាពពាក់ព័ន្ធ នឹងសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីវិនិយោគរវាងកម្ពុជា-មីយ៉ាន់ម៉ា និងការចរចារកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (The Double Taxation Avoidance Agreement) រវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដោយមានបំណងពន្លឿនការបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងទាំងពីរនេះ ដើម្បីអាចឈានដល់ការចុះហត្ថលេខានាពេលខាងមុខ។

រដ្ឋមន្រ្តីទាំងពីរ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្របខណ្ឌតំបន់អាស៊ាន៕