(ភ្នំពេញ)៖ លោកបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ដើម្បីពង្រឹងការនាំចេញបានកាន់តែល្អប្រសើរ គ្រប់វិស័យទាំងអស់ត្រូវគិតគូរពង្រឹងឲ្យបានខ្លាំងក្លាលើប្រពន្ធ័អេកូស៊ីស្ទឹម (Ecosystem) ដើម្បីឲ្យការនាំចេញមានប្រសិទ្ធិភាព ក្នុងនោះវិស័យឯកជន ជាវិស័យចាំបាច់បំផុត ក្នុងការពង្រឹងប្រព័ន្ធអេកូស៊ីស្ទឹមនេះ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោកបណ្ឌិត តាន់ មុន្នីវណ្ណ បានឲ្យដឹងថា «ចំពោះការពង្រឹងការនាំចេញ ចាំបាច់ត្រូវពង្រឹងគុណភាព លើសពីនេះត្រូវពង្រឹងបន្ថែមនូវប្រព័ន្ធអេកូស៊ីស្ទឹម ដូចជាក្នុងវិស័យកសិកម្ម, វិស័យកសិកឧស្សហកម្ម ការកែច្នៃ ត្រូវគិតជាចម្បងនូវប្រព័ន្ធអេកូស៊ីស្ទឹម ព្រោះប្រព័ន្ធអេកូស៊ីស្ទឹមត្រូវមានចាប់តាំងពីមូលដ្ឋានគ្រឹះ នៃការដាំដុះ, ការកែច្នៃ ធ្វើដូចនេះទើបការនាំចេញមានប្រសិទ្ធិភាព»

លោកបានបន្ដថា កន្លងមកធ្លាប់បានឃើញផលិតភាព នៃការច្នៃផលិតផលឲ្យមានតម្លៃធូរថ្លៃ និងមានគុណភាព ព្រមទាំងបានបរិមាណច្រើន គឺការធ្វើប្រព័ន្ធអេកូស៊ីស្ទឹម ក្នុងនោះរាជរដ្ឋាភិបាលបានគិតគូរយ៉ាងម៉តចត់ ដើម្បីគ្រប់គ្រងលើប្រព័ន្ធកសិកម្មឲ្យមានលទ្ធភាពនៃ ការផលិតបានច្រើនជាងមុន។

លោកបានបញ្ជាក់ថា «ចំពោះការពង្រឹងផ្នែកអេកូស៊ីស្ទឹមនេះ វិស័យឯកជនដើរតួនាទីសំខាន់ ដូច្នេះខ្ញុំសូមអំពាវនាវដល់វិស័យឯកជនត្រូវពិនិត្យលទ្ធភាព ក្នុងការសហការគ្នាបង្កើតប្រព័ន្ធអេកូស៊ីស្ទឹមនេះ»

សូមជម្រាបថា យោងតាមមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា កម្ពុជាបាននាំចេញនាំចូលទំនិញ ពីខែមករាដល់ខែមេសា ក្នុងទំហំទឹកប្រាក់សរុប ១៧ ៦៤៩លានដុល្លារ កើនឡើងជាង២.៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួន ១៥ ២៨៤លានដុល្លារ។

៤ខែនេះកម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃ៧ ៦០៦លានដុល្លារ កើន៣២.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានត្រឹម ៥.៧ពាន់លានដុល្លារប៉ុណ្ណោះ និងនាំចូលមកវិញមានតម្លៃ ១០ ០៤៣ លានដុល្លារកើនឡើង ៥.៤%៕