(តូក្យូ)៖ លោក Kenji Okamura អគ្គនាយករងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ប្រទេសក្នុងតំបន់អាស៊ីត្រូវតែគិតគូរពីការរីករាលដាលហានិភ័យដែលកើតចេញពីការដកចេញឆាប់រហ័សជាងការរំពឹងទុកនូវគោលនយោបាយបន្ធូរបន្ថយមិនធម្មតារបស់ធនាគារកណ្តាលធំៗក្នុងតំបន់នេះក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Okamura បានលើកឡើងពីការដែលអាចកើតមានហានិភ័យនេះចំពោះប្រទេសនៅតំបន់អាស៊ី ជាពិសេសចំពោះប្រទេសដែលមានសេដ្ឋកិច្ចងាយរងគ្រោះបំផុត តែលោកមិនបានបញ្ចេញឈ្មោះប្រទេសនោះទេ។

លោកបានបន្ថែមថា ប្រទេសក្នុងតំបន់អាស៊ីប្រឈមមុខនឹងជម្រើសមួយរវាងការគាំទ្រកំណើនសេដ្ឋកិច្ចជាមួយនឹងការដាក់ចេញវិធានការជំរុញបន្ថែមទៀត និងការដកចេញការគាំទ្រកំណើននេះ ដើម្បីរក្សាស្ថិរភាពបំណុល និងអតិផរណា។

ខណៈពេលដែលគោលនយោបាយរបស់ធនាគារកណ្តាលជប៉ុនដំណើរការបញ្ច្រាស់នឹងការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកការរឹតបន្តឹងរូបិយវត្ថុ ធនាគារកណ្តាលផ្សេងៗ ដូចជាធនាគារកណ្តាលនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីបានដំឡើងអត្រាការប្រាក់នាពេលថ្មីៗនេះ។

លោក Okamura ដែលជាអតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនទទួលបន្ទុកកិច្ចការអន្តរជាតិ ក៏បាននិយាយផងដែរថា ជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន និងលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោកកាន់តែតឹងតែងនឹងធ្វើឱ្យឆ្នាំនេះក្លាយជាឆ្នាំដែល «មានការប្រឈម» សម្រាប់តំបន់អាស៊ី។ លោកបានបន្តថា សង្គ្រាមកំពុងប៉ះពាល់ដល់តំបន់អាស៊ីតាមរយៈតម្លៃទំនិញដែលកំពុងកើនឡើង និង កំណើនសេដ្ឋកិច្ចយឺតនៅអឺរ៉ុប។

ថ្លែងនៅក្នុងសន្និសីទព័ត៌មានជាលើកដំបូងរបស់លោកចាប់តាំងពីបានក្លាយជាអគ្គនាយករង កាលពីឆ្នាំមុន លោក Okamura បានព្រមានពីចក្ខុវិស័យនៃការរឹតបន្តឹងកាន់តែខ្លាំងប្រសិនបើអតិផរណានៅតែបន្តកើនឡើង។

លោកបានបន្តថា ៖ «មានហានិភ័យដែលថា ការរំពឹងទុកថាអតិផរណានឹងកើនឡើង អាចតម្រូវឱ្យមានការរឹតបន្តឹងគោលនយោបាយខ្លាំងជាងនេះ »។ លោក Okamura បានអំពាវនាវឱ្យមានគោលនយោបាយប្រកបដោយភាពបទបែន និងមានការប្រាស្រ័យទាក់ទងច្បាស់លាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕