(តូក្យូ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទបានដាក់ដំណើរការគំនិតផ្តួចផ្តើមពាណិជ្ជកម្មថ្មីមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងតូក្យូ ដោយមានការចូលរួមពីប្រទេស ១២ ផ្សេងទៀតរួមទាំងឥណ្ឌា និងជប៉ុនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

លោក Biden បានបង្ហាញជាផ្លូវការនូវក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព ឬហៅកាត់ថា IPEF នៅថ្ងៃទីពីរក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសជប៉ុន ជាទីដែលលោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយស្រង់សំដីរបស់លោក Biden ថា៖ «ខ្ញុំជឿថា យើងនឹងឈ្នះការប្រកួតប្រជែងនៅសតវត្សទី២១ ជាមួយគ្នា»

នៅក្នុងពេលដាក់ដំណើរការកិច្ចព្រមព្រៀងនេះ មានការចូលរួមដោយផ្ទាល់ពីសំណាក់លោក Kishida និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងអ្នកតំណាងមកពីប្រទេសដទៃទៀតដែលចូលរួមតាមវីដេអូខុនហ្វឺរែន។

បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP កិច្ចព្រមព្រៀង IPEF មិនដូចទៅនឹងប្លុកពាណិជ្ជកម្មបែបប្រពៃណីផ្សេងទៀតនោះទេ ដោយកិច្ចព្រមព្រៀង IPEF នេះមិនមានផែនការសម្រាប់សមាជិកដើម្បីចរចារអំពីពន្ធគយ និងការបន្ធូរបន្ថយលទ្ធភាពចូលទៅក្នុងទីផ្សាររវាងគ្នានិងគ្នាឡើយ។

ជំនួសមកវិញ កិច្ចព្រមព្រៀងនេះផ្តោតលើការធ្វើសមាហរណកម្មដៃគូតាមរយៈស្តង់ដារដែលបានព្រមព្រៀងគ្នាក្នុងវិស័យសំខាន់ៗចំនួនបួន គឺសេដ្ឋកិច្ចឌីជីថល ខ្សែចង្វាក់ផ្គត់ផ្គង់ ហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត និងវិធានការប្រឆាំងអំពើពុករលួយ។

ក្រៅពីសហរដ្ឋអាមេរិក ប្រទេសជាសមាជិកផ្សេងទៀតរួមាន អូស្ត្រាលី ព្រុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ណូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាម។

ប្រទេសជាសមាជិកទាំងនេះបានកោតសរសើរដល់កិច្ចព្រមព្រៀង IPEF ថាជាក្របខ័ណ្ឌមួយសម្រាប់អ្វីដែលនៅទីបំផុតនឹងក្លាយជាក្រុមប្រទេសពាណិជ្ជកម្មដែលរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធមួយ។

ប្រទេសទាំងនេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖ «យើងចែករំលែកការប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី បើកចំហ យុត្តិធម៌ រួមបញ្ចូល អន្តរទំនាក់ទំនង ភាពធន់ សុវត្ថិភាព និងវិបុលភាព។ ការចូលរួមផ្នែកសេដ្ឋកិច្ចកាន់តែស៊ីជម្រៅក្នុងចំណោមដៃគូនានា គឺជាកត្តាសំខាន់សម្រាប់ការបន្តរីកចម្រើន សន្តិភាព និងវិបុលភាព»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕