(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា នឹងបើកដំណើរការ ការិយាល័យតំណាងការិយាល័យ សភាពាណិជ្ជកម្មនៅក្រៅប្រទេសរបស់ខ្លួន ជាលើកដំបូង ស្ថិតនៅក្នុងប្រទេសកាដាណា នាសប្តាហ៍នេះ ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងជំរុញកំណើនទំហំពាណិជ្ជកម្ម។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ពីទីក្រុងហ្សូរិចប្រទេសស្វីស ថា នេះជាលើកទីមួយ ដែលសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងការិយាល័យសភាពាណិជ្ជកម្ម នៅក្រៅប្រទេស។ ការិយាល័យតំណាងការិយាល័យ សភាពាណិជ្ជកម្មដំបូងនេះ នឹងបើកដំណើរការក្នុងទីក្រុងតូរ៉ង់តូ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

លោកបន្តថា ការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសកាណាដា នឹងជំរុញការនាំចេញទំនិញពីកម្ពុជា ទៅប្រទេសនេះកាន់តែកើនឡើងថែមទៀត ខណៈការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា នាពេលបច្ចុប្បន្ននេះ បានរីកចម្រើនជាបន្តបន្ទាប់ ហើយទំនិញដែលកម្ពុជានាំចេញទៅកាណាដាក៏មានទំហំធំផងដែរ។

លោកថា «បន្ទាប់ពីយើងមានការិយាល័យតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅកាណាដានេះ ខ្ញុំជឿថា នឹងជំរុញឱ្យមានទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា កាន់តែធំ។ ចំពោះការនាំចេញពីកម្ពុជាយើងទៅកាណាដា កន្លងមកភាគច្រើនជាទំនិញវាយណភ័ណ្ឌកាត់ដេរ សម្ភារៈធ្វើដំណើរមាន ការបូប ស្បែកជើង កង់ បរិក្ខារអគ្គិសនី និងផលិតផលកសិកម្មមួយចំនួនទៀត ដែលយើងនាំចេញទៅកាណាដា»

លោកបន្តថា នៅថ្ងៃទី២៥ សែឧសភាស្អែកនេះ លោកនឹងធ្វើដំណើរទៅប្រទេសកាដាណា ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកសភាពាណិជ្ជកម្ម ១៤រូប និងប្រធានសភាពាណិជ្ជកម្មប្រចាំទីក្រុងតូរ៉ង់តូ ប្រទេសកាណាដា។

បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បន្ទាប់ពីបើកដំណើរការការិយាល័យតំណាងនៅរដ្ឋតូរ៉ងតូ ប្រទេសកាណាដារួច កម្ពុជានឹងបន្តបើកដំណើរការិយាល័យ ទី២ បើកនៅប្រទេសជប៉ុន នាពេលខាងមុខ ដែលសេចក្តីសម្រេចនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចរួចហើយ។

តាមទិន្នន័យដែលចេញផ្សាយ ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា កាណាដាគឺជាប្រទេសឈរ នៅលេខរៀងទី៤ ដែលកម្ពុជានាំចេញទំនិញច្រើនជាងគេ។

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញទៅប្រទេសនេះ ក្នុងតម្លៃជាង៣៤០លានដុល្លារអាមេរិក កើនឡើង ២២.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួនជាង ២៧៧លានដុល្លារអាមេរិក។ ដោយឡែក ក្នុងខែមេសាកន្លងទៅ ការនាំចេញទំនិញទៅកាណាដាមានតម្លៃជាង៥៣លានដុល្លារ កើនឡើង៨៤.៣%៕