(ណៃពិដោរ)៖ ធនាគារកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឱ្យក្រសួង និងរដ្ឋាភិបាលមូលដ្ឋានមិនឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេសសម្រាប់ប្រតិបត្តិការជួញដូរក្នុងស្រុក ដើម្បីជួយបន្ធូរបន្ថយសម្ពាធលើរូបិយប័ណ្ណក្យាត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានវិបត្តិចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីឆ្នាំមុនដោយបានបង្អាក់កំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចដែលបានធ្វើឡើងអស់រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ និងបានដាក់សម្ពាធលើអត្រាប្តូរប្រាក់ក្យាតរបស់ប្រទេសនេះធៀបនឹងប្រាក់ដុល្លារអាមេរិក។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Win Thaw ទេសាភិបាលរងធនាគារកណ្តាលមីយ៉ានម៉ាបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញកាលពីថ្ងៃពុធថា៖ «បន្ថែមពីលើការកើនឡើងតម្រូវការរូបិយប័ណ្ណបរទេស អត្រាប្តូរប្រាក់អាចប្រែប្រួលខ្លាំងដោយសារការអនុវត្តទទួលយក និងចាយរូបិយប័ណ្ណបរទេសសម្រាប់ការទិញទំនិញ និងសេវាកម្មនៅក្នុងប្រទេស»

លោក Win Thaw បានថ្លែងថា បច្ចុប្បន្ននេះស្ថាប័ននានាដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ និងសាលាអន្តរជាតិបានប្រើប្រាស់ប្រាក់ដុល្លារជាជាងប្រាក់ក្យាត ប៉ុន្តែក៏មានអាជីវកម្មនិងស្ថាប័នដែលដំណើរការដោយក្រសួងរដ្ឋប្រើប្រាស់ប្រាក់ដុល្លារផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះដែលត្រូវបានផ្ញើទៅកាន់ក្រសួង និងរដ្ឋាភិបាលមូលដ្ឋាន លោកមានប្រសាសន៍ថា៖ «រូបិយប័ណ្ណក្យាតរបស់មីយ៉ាន់ម៉ាគួរតែត្រូវបានប្រើប្រាស់ក្នុងការទូទាត់ក្នុងស្រុក ហើយក្រសួងនីមួយៗ រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋាភិបាលកណ្តាល .... គួរតែណែនាំអង្គភាពរបស់អ្នកតាមការចាំបាច់»

បទបញ្ជានេះគឺជាបទបញ្ជាចុងក្រោយបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការគ្រប់គ្រងបន្ថែមទៀតលើរូបិយប័ណ្ណបរទេសដែលហូរចូលក្នុងប្រទេសដែលគ្រប់គ្រងដោយយោធាមួយនេះ។

អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារកណ្តាលមីយ៉ាន់ម៉ាសម្រាប់ប្រាក់ក្យាត បច្ចុប្បន្នត្រូវបានកំណត់ត្រឹម ១ ៨៥០ក្យាតក្នុងមួយដុល្លារ ប៉ុន្តែអត្រាប្តូរប្រាក់នេះមានកម្រិតទាបជាងខ្លាំងប់ធៀបនឹងអត្រាទីផ្សារងងឹតក្រៅផ្លូវការ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕