(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានចុះកិច្ចព្រមព្រៀងឥណទានជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC ដើម្បីទទួលបានសហហិរញ្ញប្បទានចំនួន១៣៥លានដុល្លារអាមេរិក សម្រាប់ផ្តល់កម្ចីដល់វិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជធំមួយ ដែលមានបណ្តាញប្រតិបត្តិការច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បណ្តាញប្រតិបត្តិការដ៏សម្បូរបែប ផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ជាពិសេស អ្នកដែលរស់នៅជនបទអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទរបស់ធនាគារ រួមទាំងសេវាកម្មឥណទាន ដែលមានគោលដៅ សម្រាប់ពង្រឹង និងពង្រីកវិស័យកសិកម្មនៅតាមជនបទ។

លោកបន្តថា នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយការប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែសកម្មនៅតាមជនបទ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC បានផ្តល់សហហិរញ្ញប្បទានចំនួន១៣៥លានដុល្លារអាមេរិក ដល់ធនាគារ អេស៊ីលីដា ដើម្បីផ្តល់កម្ចីដល់វិស័យកសិកម្មនៅកម្ពុជា។ សហហិរញ្ញប្បទាននេះ នឹងជួយលើកស្ទួយដល់ផលិតកម្មកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

គម្រោងសហហិរញ្ញប្បទានរយៈពេលវែង ដែលទទួលបានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលមានតម្រូវការឥណទានក្នុងការចាប់ផ្តើម និង/ឬការពង្រីកផលិតកម្មកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូល៕