(ភ្នំពេញ)៖ ៥ខែដើមឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីរថយន្តអគ្គិសនី៨៤គ្រឿង កើនឡើង៨០០% បើធៀបនឹងកាលពីឆ្នាំ២០២១ ដែលមានតែ៩គ្រឿងប៉ុណ្ណោះ ដែលធ្វើឱ្យចំនួនរថយន្តអគ្គិសនី ដែលប្រើប្រាស់នៅកម្ពុជា កើនឡើងដល់១៤៨គ្រឿង ស្របពេលដែលក្រសួងបង្កើនការសហការជាមួយវិស័យឯកជន ដើម្បីដំឡើងទីតាំងសាកយានយន្តអគ្គិសនី ឱ្យបានច្រើនបំពេញតាមតម្រូវការប្រើប្រាស់។

ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទស្ដីពី «ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា» នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន៣៨គ្រឿង។ យោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថានឹងមានការកើនឡើងយានយន្ត ស្របទៅតាមទិសដៅកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រ រយៈពេលវែងស្តីពីអាព្យាក្រឹតកាបូន ឆ្នាំ២០៥០ ដោយជំរុញនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%»

លោកបន្តថា ទន្ទឹមការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ក្រសួងសាធារណការ បានសហការជាមួយ UNDP និងវិស័យឯកជន ដូចជាស្ថានីយប្រេងឥន្ធនៈ ផ្សារទំនើប និងក្រុមហ៊ុនឯកជននានា ដើម្បីរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីសម្រាប់យានយន្ត ដើម្បីជំរុញឱ្យមានការកើនឡើង នូវបណ្តាញស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានច្រើនស្របតាមតម្រូវការនៃការប្រើប្រាស់យានយន្តអគ្គិសនី។

បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការបច្ចុប្បន្ននេះ កម្ពុជាមានទីតាំងបញ្ចូលថាមពលអគ្គិសនីចំនួន៣កន្លែង រួមមាននៅក្រសួងសាធារណការ និងដឹកជញ្ជូន នៅខេត្តព្រះសីហនុ និងមួយទីតាំងទៀត នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ហើយក្រសួងកំពុងរៀបចំដាក់បន្ថែមទៀត នៅខេត្តបាត់ដំបង និងសៀមរាប។

ក្រសួងបានរៀបចំបន្ថែមទីតាំង សាកយានយន្តអគ្គិសនីមួយកន្លែង ក្នុងទីស្តីក្រសួង ដែលអាចបញ្ចូលបានម្តង៦រថយន្ត។ ទីតាំងនេះនឹងបញ្ចប់ការដំឡើងនៅខែមិថុនា ខាងមុខនេះ។ បន្ថែមពីនោះ ស្ថានីយប្រេងឥន្ធនៈភីធីធី នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រៀមដាក់២កន្លែង។ ចំណែកស្ថានីយប្រេងឥន្ធនៈតូតាល់ ក៏កំពុងរៀបចំទីតាំងរបស់ខ្លួន ដើម្បីដាក់ដំណើរការកន្លែងបញ្ចូលថាមពលអគ្គិសនីនេះផងដែរ។

លោកទេសរដ្ឋមន្រ្តីបញ្ជាក់ថា នៅពេលដែលមានប្រើប្រាស់រថយន្តប្រភេទនេះច្រើន នឹងជំរុញឱ្យមានការវិនិយោគ ទៅលើកន្លែងសាកថាមពលកាន់តែ។ នៅពេលអនាគត កម្ពុជានឹងមានទីតាំងសាកយានយន្តអគ្គិសនី នៅគ្រប់ខេត្តទាំងអស់ទូទាំង។

លោកមានប្រសាសន៍ទៀតថា តាមនិន្នាការជាសកលការប្រើប្រាស់យានយន្តអគ្គិសនី កំពុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នា ប្រទេសជាសមាជិកអាស៊ានទាំងអស់ ក៏បានបង្វែរការចាប់អារម្មណ៍ មកលើការប្រើប្រាស់យានយន្តភាតរៈបរិស្ថាន (Eco-Friendly) នេះផងដែរ ដោយបង្កើតនូវយន្តការនានា សម្រាប់ជំរុញការអភិវឌ្ឍលើវិស័យយានយន្តអគ្គិសនី ក៏ដូចជាការលើកទឹកចិត្តអតិថិជន ឱ្យប្រើប្រាស់យានយន្តអគ្គិសនី បានទូលំទូលាយ ក្នុងគោលបំណងចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុល នៅក្នុងបរិយាកាស។

តាមការសិក្សាជាបឋម ការប្រើប្រាស់យានយន្តអគ្គិសនីនឹងកាត់បន្ថយការចំណាយច្រើន បើធៀបទៅនឹងយានយន្តប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង។ លោកទេសរដ្ឋមន្រ្តី បានអះអាងថាចំពោះអ្នកប្រើប្រាស់យាន្តយន្តអគ្គិសនីនៅកម្ពុជា នឹងទទួលបានការបញ្ចុះអត្រាពន្ធនាំចូល៥០% បន្ថយអាករពិសេសពី ៣០% មក ១០%។ រីឯការចំណាយលើការជួសជុលរថយន្តប្រភេទនេះ ក៏ចំណាយអស់តិចទៀតផង ដោយសារគ្រឿងបន្លាស់បង្គំតិច ហើយការប្រើប្រាស់ថាមពលអគ្គិសនីទាបជាង ការប្រើប្រាស់ថាមពលឥន្ធនៈតិចជាង៣ដង។

សម្រាប់ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួង និងអង្គការUNDP នឹងត្រូវគិតតម្លៃប្រមាណ១៣០០រៀលក្នុងមួយគីឡូវ៉ាត់ប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងតែធ្វើការសិក្សាលើការបញ្ចុះនូវតម្លៃសេវាសាធារណៈនានាសម្រាប់យានយន្តអគ្គិសនី ដើម្បី លើកទឹកចិត្ត និងទាក់ទាញឱ្យមានអ្នកប្រើប្រាស់យានយន្ត អគ្គិសនីឱ្យកាន់តែច្រើនថែមទៀត។ ហើយក្រសួងនឹងធ្វើការសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការសិក្សាលើការបញ្ចុះពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំសម្រាប់យានយន្តអគ្គិសនីផងដែរ។

បច្ចុប្បន្ននេះមានក្រុមហ៊ុន ចំនួន៩ បាននាំចូលរថយន្តអគ្គិសនី និងក្រុមហ៊ុនមួយចំនួនទៀតនាំចូលម៉ូតូ អគ្គិនី។ ទន្ទឹមគ្នា ក្រុមហ៊ុនអនៀន បានវិនិយោគលើរោងចក្រតម្លើងកង់បីប្រើប្រាស់ថាមពលអគ្គិសនីដែលធ្វើឱ្យកម្ពុជាជាប្រទេសទី១ក្នុងតំបន់អាស៊ីអគ្នេយ៍ដែលមានរោងចក្រតម្លើង កង់បីអគ្គិសនី។ មកទល់ពេលនេះ ក្រុមហ៊ុននេះតម្លើងបាន២០០គ្រឿងហើយ ដែលក្នុងមួយឆ្នាំក្រុមហ៊ុននេះ មានផែនការផលិតពី២ពាន់ទៅ៣ពាន់គ្រឿង សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស ។ ក្នុងពេលជាមួយគ្នានេះដែរ មានក្រុមហ៊ុនមួយទៀតនៅកម្ពុជា បានផលិតម៉ូតូ អគ្គិសនី ដែលរហូតមកដល់ពេលនេះផលិតបាន២០០គ្រឿងហើយ។

រដ្ឋមន្រ្តីក្រសួងសាធារណការ ជឿជាក់ថា នាពេលខាងមុខនឹងមានក្រុមហ៊ុនកាន់តែច្រើនវិនិយោគលើការតម្លើង និងនាំចូលរថយន្តអគ្គិសនី ដែលនាំឱ្យមានតម្លៃយានយន្តអគ្គិសនីកាន់តែទាប។ បច្ចុប្បន្ននេះនៅកម្ពុជា រថយន្តអគ្គិសនី ដែលមានដាក់លក់ក្នុងទីផ្សារ មានតម្លៃចាប់ពីជាង១ម៉ឺនដុល្លាអាមេរិកឡើងទៅ។ រីឯទោចក្រយានយន្តអគ្គិសនី ដែលមានដាក់លក់នៅក្នុងទីផ្សាកម្ពុជាមានតម្លៃចាប់ពី៧០០ដុល្លាអាមេរិកឡើងទៅ ។

ក្រសួងសាធារណការ បាននិងកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយជាតិស្តីពីអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ក្នុងនោះទាក់ទងនឹងវិស័យដឹកជញ្ជូនផ្លូវគោក ក៏មានរៀបចំនូវយុទ្ធសាស្ត្រគាំទ្រ ដល់ការអភិវឌ្ឍយានយន្តអគ្គិសនី រួមមាន ការវិនិយោគរោងចក្រផ្គុំដំឡើងយានយន្តអគ្គិសនី រោងចក្រកែច្នៃ អាគុយចាស់ៗ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីផងដែរ ៕